នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំកម្មវិធីប្រចាំខែមួយ ដែលមានឈ្មោះថា «រាត្រី Non-Farm Payrolls និងការប្រកួតជួញដូរ» ដោយមានការចូលរួមពីក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់យើង ព្រមទាំងអតិថិជនរបស់ពួកគេ ដើម្បីទាញប្រយោជន៍ពីការចេញផ្សាយទិន្នន័យ Non-Farm Payrolls ក៏ដូចជាបង្កើនចំណេះដឹង បទពិសោធន៍ជួញដូរ និងអត្ថប្រយោជន៍ផ្សេងទៀតជាច្រើន។
លោក Lawrence Kook ដែលជាអភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ប្រកបដោយអត្ថន័យពាក់ព័ន្ធនឹងទិន្នន័យ Non-Farm Payrolls ដែលជាអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក (លើកលែងតែផ្នែកកសិកម្ម) ថាតើហេតុអ្វីទិន្នន័យនេះមានសារៈសំខាន់សម្រាប់វិនិយោគិន និងអ្នកជួញដូរក្នុងការចាប់យកឱកាសជួញដូរ និងបង្កើតប្រាក់ចំណេញ។
លោកក៏បានលើកឡើងដែរថា៖ «ទំនាក់ទំនងដែលយើងបង្កើតជាមួយអ្នកដទៃ ជាសកម្មភាពមួយសំខាន់បំផុតក្នុងជីវិត។ ដូចនេះហើយ គោលបំណងចម្បងនៃការបង្កើតកម្មវិធីរាត្រី Non-Farm Payrolls មិនមែនត្រឹមតែផ្តល់ឱ្យអ្នកចូលរួមនូវព័ត៌មានទីផ្សារ និងចំណេះដឹងដែលមានប្រយោជន៍ប៉ុណ្ណោះទេ។ កម្មវិធីនេះក៏ជាស្ពានសម្រាប់ការបង្កើតទំនាក់ទំនងជាក្រុម ដែលត្រូវបានបង្កើតឡើងរវាង អ្នកជួញដូរនិងអ្នកជួញដូរ អ្នកជួញដូរនិងឈ្មួញជើងសា និង រវាងអ្នកចូលរួមទាំងអស់ផ្សេងទៀត ដើម្បីពិភាក្សាគ្នាកាន់តែស៊ីជម្រៅអំពីរបៀបទាញអត្ថប្រយោជន៍ពីទីផ្សារតាមដែលអាចធ្វើទៅបាន។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែស្វែងរកគំនិតផ្ដួចផ្ដើម និងគាំទ្រដល់ក្រុមហ៊ុនឈ្មួញជើងសារបស់យើង ក្នុងការបង្កើតឡើងនូវវេទិកាសម្រាប់អតិថិជនរបស់ពួកគេដើម្បីចូលរួមសិក្សា ពិភាក្សា និងបង្កើតប្រាក់ចំណេញពីទីផ្សារ»។
ជាលទ្ធផល អ្នកចូលរួមក្នុងកម្មវិធីទាំងអស់ ទទួលបាននូវការពន្យល់ និងគន្លឹះអំពីវិធីសាស្រ្ដវិភាគផ្នែកបច្ចេកទេស និងការវិភាគផ្នែកព័ត៌មានពីបណ្តាអ្នកជំនាញ។ មិនតែប៉ុណ្ណោះ ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែរំភើប ក្រុមហ៊ុនក៏បានរៀបចំការប្រកួតប្រជែងជួញដូរតាមរយៈគណនីសាកល្បង ក្នុងគោលបំណងឱ្យបេក្ខជនទាំងអស់បានអនុវត្ដចំណេះជំនាញដែលពួកគាត់បានរៀន ក៏ដូចជាទទួលបានការយល់ដឹងបន្ថែមពីការជួញដូរ ដែលមានប្រសិទ្ធភាពសម្រាប់ការជួញដូរជាក់ស្ដែងរបស់ពួកគាត់នៅថ្ងៃខាងមុខ។ លើសពីនេះទៅទៀត បេក្ខជនចំនួន ៣ រូប ដែលមានប្រាក់ចំណេញច្រើនជាងគេ បានក្លាយជាម្ចាស់ជ័យលាភី និងទទួលបានរង្វាន់សម្រាប់សមិទ្ធផលរបស់ពួកគាត់។
កម្មវិធីរាត្រី Non-Farm Payrolls ក៏ជាវេទិកាគួរឱ្យកត់សម្គាល់មួយសម្រាប់អ្នកចូលរួមទាំងអស់ ដោយសារពួកគាត់អាចប្រាស្រ័យទាក់ទងគ្នា ចែករំលែកព័ត៌មាន ស្វែងរកកិច្ចសហប្រតិបត្តិការអាជីវកម្ម និងរីករាយជាមួយនឹងអាហារ និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់រួមគ្នាក្នុងរាត្រីថ្ងៃសុក្រ (សប្តាហ៍ដំបូងនៃខែនីមួយៗ)។
ក្នុងនាមជាក្រុមហ៊ុនសមភាគីកណ្តាលធំជាងគេនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជឿជាក់ថា ការបង្កើតកម្មវិធីនេះ គឺជាការងាររបស់យើងក្នុងការពង្រីកទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។ ហេតុនេះហើយ ក្រុមហ៊ុនយើងមានសេចក្តីរីករាយក្នុងការផ្តួចផ្តើមរៀបចំឡើងនូវកម្មវិធីរាត្រី Non-Farm Payrolls នេះ ក៏ដូចជាកម្មវិធីអប់រំផ្សេងៗទៀត និងជួយគាំទ្រដល់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ វិនិយោគិន និងដៃគូរបស់យើងឱ្យអស់ពីលទ្ធភាព និងសមត្ថភាព។