ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមជាមួយក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងក្រុមហ៊ុន ហ្គោលវែល ខាភីថល បានទទួលជោគជ័យត្រចះត្រចង់ក្នុងដំណើរសិក្ខាសាលាអប់រំផ្នែកវិស័យវិនិយោគហិរញ្ញវត្ថុតាមបណ្ដាខេត្ដ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «អត្ថប្រយោជន៍នៃទីផ្សារហិរញ្ញវត្ថុ និងវិធីសាស្រ្ដក្នុងការចាប់ផ្តើមចូលរួមក្នុងទីផ្សារ» ដោយបានទៅដល់ខេត្ដចំនួន ៥ ដូចជា៖ កំពង់ចាម សៀមរាប បាត់ដំបង កណ្ដាល និង កំពង់ស្ពឺ។
គោលបំណងសំខាន់នៃយុទ្ធនាការប្រចាំឆ្នាំនេះ គឺដើម្បីផ្តល់ជូនការអប់រំផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ទាក់ទងនឹងទីផ្សារមូលបត្រក្នុងស្រុកដែលកំពុងរីកចម្រើន ទីផ្សារឧបករណ៍និស្សន្ទដែលពេញនិយមនៅទូទាំងពិភពលោក និងព័ត៌មានសំខាន់ៗទាក់ទងនឹងការវិនិយោគ។
សិក្ខាសាលាក្នុងខេត្ដទាំងប្រាំត្រូវបានអញ្ជើញចូលរួមជាអធិបតីភាព ដោយអភិបាលរងខេត្តនៃគណៈអភិបាលខេត្ដនីមួយៗ ដូចជា៖ ឯកឧត្ដម លី សារ៉ារិទ្ធ ឯកឧត្ដម នាក់ ណេរ៉ុន ឯកឧត្ដម មូល ធន ឯកឧត្ដម ប៊ុន ផេង និងឯកឧត្ដម ហន ភក្ដី រួមជាមួយនឹងតំណាងពីនិយ័តករមូលបត្រកម្ពុជាផងដែរ។
ជាលទ្ធផល ព្រឹត្ដិការណ៍ទាំងមូលបានទទួលស្វាគមន៍ភ្ញៀវកិត្ដិយសចូលរួមជាង ៧០០នាក់ និងបានសម្របសម្រួលបើកលេខអត្ដសញ្ញាណវិនិយោគិន សម្រាប់ការវិនិយោគមូលបត្រក្នុងស្រុកចំនួន ១២៦ និងមានការស្នើសុំជាច្រើនទៀត ដែលកំពុងដំណើរការបំពេញឯកសារ។ ការបើកលេខអត្តសញ្ញាណវិនិយោគក្នុងអំឡុងពេលសិក្ខាសាលានេះ ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃពីនិយ័តករមូលបត្រកម្ពុជា (តម្លៃដើម ២ ម៉ឺនរៀល)។
លោក Lawrence Kook អភិបាល និងនាយកប្រតិបត្ដិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទកភាពក្នុងការពាំនាំទាំងចំណេះដឹង ឱកាស និងការលើកទឹកចិត្ដទៅដល់សិក្ខាកាមទាំងអស់ ហើយយើងក៏សប្បាយចិត្ដជាមួយលទ្ធផលដែលទទួលបានទោះតិច ឬច្រើនក្ដី ពីព្រោះថា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងក្រុមហ៊ុន ហ្គោលវែល ខាភីថល នៅតែជាក្រុមហ៊ុនដែលធ្លាប់បាន និងបន្ដធ្វើយុទ្ធនាការអប់រំទ្រង់ទ្រាយធំនេះឡើង ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចជាតិទាំងមូល»។
លោកបានបន្ថែមទៀតថា៖ «មិនត្រឹមតែក្នុងឆ្នាំ២០២៣ នេះទេ ប៉ុន្ដែ ក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២២ ក្រុមហ៊ុនទាំងបីធ្លាប់សម្រេចបានជោគជ័យពីយុទ្ធនាការបែបនេះរួចមកហើយ។ ដោយមើលឃើញពីគុណតម្លៃរបស់វា ទើបក្រុមហ៊ុនយើងបានបន្ដ ហើយនឹងបន្ដធ្វើយុទ្ធនាការនេះទៀត»។
ជាផ្នែកសំខាន់មួយនៃសិក្ខាសាលា វគ្គធ្វើបទបង្ហាញពីវិធីសាស្រ្ដក្នុងការលើកទឹកចិត្ដប្រចាំថ្ងៃសម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួន ដើម្បីកសាងជីវិតប្រកបដោយគុណភាព បានទទួលការចាប់អារម្មណខ្លាំងពីអ្នកចូលរួមភាគច្រើន និងមានការចុះឈ្មោះចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំរុញទឹកចិត្ដនេះចំនួន ២៥០នាក់។ កាន់តែពិសេស ការចុះឈ្មោះក្នុងអំឡុងពេលសិក្ខាសាលា គឺទទួលបានការចូលរួមវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃពីតម្លៃដើម ១៩៨ដុល្លារ ក្នុងមួយវគ្គ។
សិក្ខាសាលាតាមបណ្ដាខេត្ដឆ្នាំ២០២៣ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ព្រោះវាបានបង្កើនការយល់ដឹងរបស់អ្នកចូលរួមយ៉ាងច្រើនទាក់ទងនឹងទីផ្សារមូលបត្រ សារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឱកាសវិនិយោគ និងវិធីសាស្រ្ដលើកទឹកចិត្តសម្រាប់ជីវិតកាន់តែប្រសើរ។ ក្រៅពីការថ្លែងអំណរគុណដល់និយ័តករមូលបត្រកម្ពុជា រដ្ឋបាលខេត្តនីមួយៗ ក្រុមហ៊ុនដៃគូសហការ និងភ្ញៀវកិត្ដិយសទាំងអស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញការតាំងចិត្ដខ្ពស់ក្នុងការបន្ដសកម្មភាពនេះ សម្រាប់ជាប្រយោជន៍ដល់អតិថិជន ប្រទេសជាតិ និងពិភពលោក។