នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) បានសហការរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ ”ការរួបរួមគ្នាដើម្បីភាពល្អប្រសើរនៃវិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង” ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនហិរញ្ញវត្ថុធំៗផងដែរ។ សិក្ខាសាលានេះ គឺជាកំណត់ត្រាលើកទីមួយ ដែលក្រុមហ៊ុនធំៗពីរមកពីផ្នែកពីរផ្សេងគ្នាគឺ ឧបករណ៍និស្សន្ទ និងធានារ៉ាប់រង បានពួតដៃគ្នាលើកស្ទួយការវិនិយោគ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលជាការរៀបចំយ៉ាងពិសេសដើម្បីផ្តល់នូវតំណភ្ជាប់រវាងវិស័យទាំងពីរ និងឱកាសអាជីវកម្មសម្រាប់វិស័យធានារ៉ាប់រង។ សិក្ខាសាលានេះ ក៏បានផ្តល់នូវចំណេះដឹងអំពីការវិនិយោគ ក៏ដូចជាជំនាញ ព្រមទាំងបង្ហាញអំពីជម្រើសផ្សេងៗនៃការវិនិយោគ និងយុទ្ធសាស្រ្តសម្រាប់ការជួញដូរដែលនាំឲ្យទទួលបានប្រាក់ចំណេញខ្ពស់។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសម្តែងក្តីត្រេកអរចំពោះកិច្ចសហការរវាង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងសមាគមធានារ៉ាប់រងកម្ពុជា ហើយបានជឿជាក់ថា តាមរយៈកិច្ចសហការនេះ ឱកាសវិនិយោគ និងលទ្ធផលវិជ្ជមានផ្សេងៗទៀតនឹងត្រូវបានបង្ហាញកាន់តែទូលំទូលាយ។ លោក Lawrence Kook ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ដែលបានផ្តល់នូវកិត្តិយសក្នុងការថ្លែងសុន្ទរកថាបើកសិក្ខាសាលា និងចំពោះការដឹកនាំក្នុងការអភិវឌ្ឍន៍ទីផ្សារឧករណ៍និស្សន្ទនៅកម្ពុជា ដែលបង្កើតជាមូលដា្ឋនគ្រឹះអនុញ្ញាតឲ្យក្រុមហ៊ុនឧបកណ៍និស្សន្ទមានភាពរួចរាល់សម្រាប់ពង្រីកវិសាលភាពអាជីវកម្ម និងដៃគូសហប្រតិបត្តិការ។
ការផ្តល់ចំណេះដឹង និងជំនាញនៃការវិនិយោគដល់សាធារណៈជន គឺជាបេសកកម្មចំបងរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ កាលពីឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺជាក្រុមហ៊ុនសមភាគីកណ្តាលតែមួយគត់ ដែលបានមានវត្តមាននៅគ្រប់គោលដៅទាំងអស់នៃសិក្ខាសិលាតាមបណ្ដាខេត្តជាមួយគណៈកម្មការមូលបត្រកម្ពុជា។ ក្នុងឆ្នាំនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏មានគោលដៅរៀបចំសិក្ខាសាលាទៅកាន់គ្រប់បណ្ដាខេត្តក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងចូលរួមក្នុងពិពរ័ណ៌ខ្នាតអន្តរជាតិដ៏ធំមួយនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសជាថ្មីម្ដងទៀតនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។