នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង ក្រុមហ៊ុន ឡុកហ្វុក កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតនូវកិច្ចសហប្រតិបត្ដិការដ៏រឹងមាំមួយ ក្នុងការបន្ដលើកកម្ពស់ទីផ្សារលោហធាតុមានតម្លៃនៅកម្ពុជា និងនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀតសម្រាប់អតិថិជន។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ឡុកហ្វុក កម្ពុជា និងមានការចូលរួមពីអ្នកតំណាងនៃក្រុមហ៊ុនទាំងពីរ ក៏ដូចជាភ្ញៀវកិត្តិយស ដើម្បីធ្វើជាសក្ខីភាព និងអបអរសាទរចំពោះការចាប់ផ្តើមភាពជាដៃគូដ៏អស្ចារ្យមួយនេះ។
ក្នុងនាមជាអ្នកតំណាងក្រុមហ៊ុន ឡុកហ្វុក កម្ពុជា អ្នកនាង Icelyn Tan បានបង្ហាញសុទិដ្ឋិនិយមថា៖ «ឡុកហ្វុក មានការជំរុញចិត្ដយ៉ាងខ្លាំង បន្ទាប់ពីបានទៅធ្វើទស្សនកិច្ចនៅការិយាល័យក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ ពិធីចុះហត្ថលេខាសម្រាប់កិច្ចសហការនៅថ្ងៃនេះ កាន់តែផ្តល់កម្លាំងចិត្តសម្រាប់ក្រុមហ៊ុនយើង ដោយសារកិច្ចសហប្រតិបត្តិការនេះនឹងបំពេញបន្ថែមនូវគុណតម្លៃអាជីវកម្មរបស់យើង និងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗដល់អតិថិជនរបស់យើង។ នេះមានន័យថា ឥឡូវនេះ យើងមិនត្រឹមតែមានគ្រឿងអលង្ការ ជាពិសេសគ្រឿងអលង្ការធ្វើពីមាស សម្រាប់អតិថិជនរបស់យើងដើម្បីបន្ថែមភាពស្រស់ស្អាតដល់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏អាចទទួលបាននូវការប្រឹក្សាប្រកបដោយវិជ្ជាជីវៈពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់តាមរយៈការជួញដូរឧបករណ៍និស្សន្ទផងដែរ។ ដោយចាប់ផ្ដើមពីថ្ងៃនេះ ក្រុមហ៊ុនទាំងពីរនឹងធ្វើការជាមួយគ្នាឱ្យកាន់តែសកម្ម ដើម្បីបង្កើនភាពជឿនលឿននៃអាជីវកម្ម និងផ្លែផ្កាសម្រាប់អតិថិជនរបស់យើង»។
ជាមួយនឹងទំនុកចិត្ត និងអំណរសាទរយ៉ាងខ្លាំងចំពោះអត្ថប្រយោជន៍រួម ដែលជំរុញដោយកិច្ចសហការនេះ លោក Lawrence Kook អភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបក្រៃលែង ដែលមានឱកាសចែករំលែកការប្តេជ្ញាចិត្ត ចំពោះសមិទ្ធផលដែលយើងនឹងសម្រេចបាននៅពេលអនាគតតាមរយៈកិច្ចសហការនេះ។ ដោយគិតគូរពីផលប្រយោជន៍របស់អតិថិជនជាធំ យើងតែងតែប្រឹងប្រែងអស់ពីសមត្ថភាព និងសម្លឹងមើលឱកាសពង្រីកខ្លួនជានិច្ច ដើម្បីបន្តផ្ដល់ជូននូវវិធីសាស្រ្តថ្មីៗសម្រាប់ការលើកកម្ពស់ទីផ្សារលោហធាតុមានតម្លៃ»។
ក្នុងសេចក្តីនេះ លោកបានបញ្ជាក់ទៀតថា៖ «ឥឡូវនេះ យើងកំពុងបន្តបោះជំហានទៅមុខ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ឡុកហ្វុក កម្ពុជា ដែលសកម្មភាពនេះគឺជាប្រយោជន៍សម្រាប់អតិថិជនរបស់យើង និងជាការចូលរួមអភិវឌ្ឍទីផ្សារលោហធាតុមានតម្លៃនៅកម្ពុជា។ កិច្ចសហការនេះក៏ជាគំរូល្អមួយ ដែលស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការសម្រេចបាន ការដ្ឋានចម្រាញ់ «រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងកាលពីឆ្នាំ២០២១»។
ក្រៅពីការចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខានេះ ភ្ញៀវកិត្តិយសទាំងអស់ក៏អាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដែលត្រូវបានផ្ដល់ជូនដោយកម្មវិធី រួមទាំង៖ ការបញ្ចុះតម្លៃពិសេសលើការទិញគ្រឿងអលង្ការ កាតសមាជិក និងរង្វាន់ផ្សងសំណាងជាគ្រឿងអលង្ការផងដែរ។
ព្រឹត្តិការណ៍ដ៏អធិកអធមនេះបានបញ្ចប់ទៅដោយរលូនក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងអំណរគុណចំពោះគ្នាទៅវិញទៅមក ព្រោះកិច្ចព្រមព្រៀងនេះនឹងនាំមកនូវភាពល្អប្រសើរនៃការសហការអាជីវកម្ម និងបង្ហាញពីតួនាទីដ៏សំខាន់របស់យើងក្នុងការរួមចំណែកដល់ភាពរីកចម្រើននៃទីផ្សារលោហធាតុមានតម្លៃ ព្រមទាំងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាផងដែរ៕