ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានបើកសម្ពោធជាផ្លូវការនៃភាពជាដៃគូលើការផ្ដល់វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ ដើម្បីបង្កើនលទ្ធភាពនិងឱកាសទទួលបានវគ្គបណ្ដុះបណ្ដាលដល់សាធារណជន ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងតួអង្គសំខាន់ៗក្នុងទីផ្សារទាំងអស់ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។
កម្មវិធីនេះ បានប្រព្រឹត្ដទៅយ៉ាងជោគជ័យនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងវត្តមានរបស់ឯកឧត្ដម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ភ្ញៀវកិត្ដិយស និងតំណាងជាន់ខ្ពស់នៃក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទជាច្រើនរូបទៀត។
ជាមួយគ្នានេះដែរ ក៏មានវត្ដមានរបស់លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានចូលរួមពីទីក្រុងហុងកុងតាមរយៈកម្មវិធីអនឡាញទំនើប ដើម្បីបង្ហាញពីការគាំទ្រ និងក្ដីស្រលាញ់ទៅលើបេសកកម្មរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹង និងជំនាញ អប់រំដល់សាធារណជនអំពីបទប្បញ្ញាត្ដិ និងវិធីសាស្រ្តជោគជ័យក្នុងការបើកដំណើរការអាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយពីសក្ដានុពលនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឆ្ពោះទៅកាន់ពិភពលោក។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ។ ដោយផ្អែកទៅលើវិសាលភាពនៃកិច្ចសហការ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានកាតព្វកិច្ចផ្ដល់ជូននូវអ្នកបណ្ដុះបណ្ដាលជំនាញៗ សម្ភារនិងកម្មវិធីសិក្សាយ៉ាងសម្រិតសម្រាំង ការគាំទ្រដល់សិក្ខាកាមយ៉ាងពេញលេញ ការរៀបចំដំណើរការប្រឡងតាមស្ដង់ដារ និងជំរុញការផ្សព្វផ្សាយពីវគ្គបណ្ដុះបណ្ដាលមួយនេះជាបន្ដបន្ទាប់។
លោកជំទាវ ឆាយ លក្ខិណា បានសង្កត់ធ្ងន់ថា៖ «គ្មានអ្វីអាចរារាំងយើងពីការសម្រេចក្តីសុបិនរបស់យើងឡើយ ហើយក៏គ្មានអ្វីអាចបង្អាក់ក្ដីប្រាថ្នារបស់យើងលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទ និងការលើកស្ទួយសេដ្ឋកិច្ចជាតិរបស់យើង។ ទោះបីជាពិភពលោកទាំងមូលកំពុងតែទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ក្ដី វិស័យរបស់យើងនៅតែមានជំហររឹងមាំ ហើយយើងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីធ្វើឱ្យវាកាន់តែមានភាពរីកចម្រើន និងមានផលិតភាពខ្ពស់។»
មុននឹងក្លាយជាដៃគូសម្រាប់វគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការគ្នាយ៉ាងជិតស្និទ្ធជាច្រើនលើករួចមកហើយ រួមមាន៖ ការផ្ដល់ជូននូវការអប់រំទៅដល់សាធារណជននៅគ្រប់ខេត្ដក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ការផ្ដល់ជូននូវវេទិកាសម្រាប់ការវិនិយោគឆ្លងវិស័យ ការផ្សព្វផ្សាយអំពីទីផ្សារឧបករណ៍និស្សន្ទកម្ពុជានៅលើឆាកអន្ដរជាតិ និងការផ្ដល់ភាពងាយស្រួលដល់វិនិយោគិនបរទេសដែលមកវិនិយោគនៅកម្ពុជា។ បទពិសោធន៍ជោគជ័យរួមគ្នាកន្លងមកនេះ គឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់សមិទ្ធផលជាច្រើនទៀតនាពេលបច្ចុប្បន្ន និងពេលអនាគត។
នៅក្នុងកម្មវិធីបើកសម្ពោធនេះដែរ លោក Lawrence Kook បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែមានកិត្តិយសក្នុងនាមជាដៃគូសហការយូរអង្វែងរបស់គណៈកម្មការមូលបត្រកម្ពុជា ហើយតាមរយៈការរួមបញ្ចូលគ្នានៃជំនាញដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា ជាមួយនឹងបទពិសោធន៍និងឯកទេសរបស់យើង យើងមានក្ដីរំពឹងខ្ពស់ទៅលើវគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្ដរជាតិមួយនេះ»។
វត្តមាននៃវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទតាមប្រព័ន្ធអនឡាញ នឹងជួយសម្រួលនូវភាពងាយស្រួល និងប្រសិទ្ធភាពដល់អ្នកចូលរួម ឬសិក្ខាកាម ដោយសារពួកគាត់មិនចាំបាច់មានវត្តមានដោយផ្ទាល់នៅទីតាំងបណ្តុះបណ្តាលឡើយ ហើយដំណើរការនៃការបណ្តុះបណ្តាលទៀតសោត គឺមានឧបសគ្គតិចតួចបំផុត ស្របពេលដែលគម្លាតសង្គមត្រូវបានអនុវត្ត ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺ កូវីដ ១៩។ ដូច្នេះ ការបើកសម្ពោធដំណើរការវគ្គបណ្ដុះបណ្ដាលនេះ ទទួលបានការស្វាគមន៍យ៉ាងពេញទំហឹង។
ឯកឧត្ដម ស៊ូ សុជាតិ បានលើកឡើងផងដែរថា៖ «ការអនុញ្ញាតិឱ្យមានការចូលរួមជាសាកល គឺជាគុណប្រយោជន៍ស្នូលនៃវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិនេះ។ វាមានន័យថា ទាំងប្រជាជននៅតាមបណ្ដាខេត្ត និងអ្នកដែលកំពុងរស់នៅឯបរទេស អាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរបស់យើងបាន ដែលកត្តានេះអាចជួយសន្សំសំចៃធនធាន និងពេលវេលារបស់ពួកគាត់ ក៏ដូចជាជួយឱ្យពួកគាត់ក្លាយជាបុគ្គលដែលមានគុណវុឌ្ឍិទាក់ទងនឹងការយល់ដឹង ជំនាញ និងបទពិសោធន៍នៅក្នុងទីផ្សារឧបករណ៍និស្សន្ទ»។
ឯកឧត្ដម ស៊ូ សុជាតិ ក៏បានបន្ថែមថា៖ «យើងពិតជាមានក្ដីរីករាយចំពោះសមិទ្ធផលមួយនេះ ហើយក៏មានសេចក្តីសោមនស្សជាខ្លាំងដែលបានរួមការងារជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលដ៏លេចធ្លោនិងប្រកបដោយវិជ្ជាជីវៈខ្ពស់។ តាមរយៈភាពជាដៃគូនេះ យើងនឹងរួមគ្នាបង្កើតអត្ថប្រយោជន៍ដល់ប្រជាជនយើង ប្រទេសជាតិយើង និងទីផ្សារឧបករណ៍និស្សន្ទទាំងមូល»។
វគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិលើកទីមួយ នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ៕