នាថ្ងៃទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ក្រោមប្រធានបទ៖ «វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិតាមប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ។»
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់កិត្តិយសផ្ដល់មតិបើកវគ្គបណ្តុះបណ្តាលនេះ មុននឹងអ្នកបណ្ដុះបណ្ដាលមកពីគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ចាប់ផ្ដើមផ្ដល់ការបណ្ដុះបណ្ដាល។
ជាលទ្ធផល សិក្ខាកាមទាំងអស់ បានយល់ដឹងកាន់តែស៊ីជម្រៅអំពីទីផ្សារឧបករណ៍និស្សន្ទ ជាពិសេសអំពីរបៀបបើកដំណើរការអាជីវកម្មឧបករណ៍និស្សន្ទដោយស្របច្បាប់នៅកម្ពុជា ក៏ដូចជាអំពីវិធីសាស្រ្តប្រើប្រាស់ទីផ្សារឧបករណ៍និស្សន្ទដើម្បីទាញយកផលត្រឡប់ដ៏គាប់ប្រសើរមួយពីការវិនិយោគ។ មិនតែប៉ុណ្ណោះ ពួកគាត់ថែមទាំងបានចែករំលែកបទពិសោធន៍ និងទស្សនៈវិស័យទៅវិញទៅមកក្នុងអំឡុងពេលវគ្គសំណួរនិងចម្លើយ ដើម្បីបង្កើនចំណេះដឹងអំពីទីផ្សារឧបករណ៍និស្សន្ទឱ្យកាន់តែទូលំទូលាយ។
លើសពីនេះ សិក្ខាកាមទាំងអស់ដែលមានវត្តមានលើសពី៦០ភាគរយនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ អាចចូលរួមប្រឡងដើម្បីទទួលបានវិញ្ញាបនបត្រក្លាយជាបុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ ដែលទទួលស្គាល់ដោយគណៈកម្មការមូលបត្រកម្ពុជា។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានរួមគ្នាបង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ–១៩ តាមរយៈការរៀបចំ «វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិតាមប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ»នេះ ប្រកបដោយភាពជោគជ័យ ជាមួយនឹងអ្នកចូលរួមចំនួន៦១នាក់ ក្នុងនោះជនជាតិខ្មែរ៣៤នាក់ និងជនបរទេសចំនួន២៧នាក់។
ចាប់តាំងពីឆ្នាំ២០១៦មក ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសហការយ៉ាងសកម្មជាមួយគណៈកម្មការមូលបត្រកម្ពុជា ក្នុងការផ្តល់និងបង្កើនគុណភាពនៃការអប់រំពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទ។ ក្រៅពីវគ្គបណ្ដុះបណ្ដាលនេះ ស្ថាប័នទាំងពីរបានរៀបចំកម្មវិធីជាច្រើនផ្សេងទៀត រួមទាំងសិក្ខាសាលានៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា និងការផ្សព្វផ្សាយអំពីទីផ្សារឧបករណ៍និស្សន្ទកម្ពុជានៅក្នុងពិព័រណ៌អន្តរជាតិសំខាន់ៗជាច្រើន។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ពិតជាមានមោទកភាព និងសេចក្ដីរំភើបរីករាយជាខ្លាំង ដែលបានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជាក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក៏ដូចជាកម្មវិធីផ្សេងៗទៀតកន្លងមក ហើយសង្ឃឹមថានឹងមានឱកាសសហការជាមួយគ្នាបន្តទៀត ដើម្បីជួយលើកស្ទួយទីផ្សារឧបករណ៍និស្សន្ទកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ។