ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានអបអរសាទរដល់ក្រុមហ៊ុន ហ្គោលវែល ខាភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ខ្លួន និងក្រុមហ៊ុន Sun Hill Assets ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ចំពោះពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើភាពជាដៃគូអាជីវកម្ម ដែលជាអនុស្សរណៈយោគយល់គ្នាដំបូងគេនៅកម្ពុជា រវាងក្រុមហ៊ុនឈ្មួញជើងសាក្នុងតំបន់ស្របតាមស្ដង់ដារសកលលោក និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យអន្ដរជាតិ។ ក្នុងឱកាសដ៏ឱឡារិកនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញនូវការគាំទ្រ ក៏ដូចជាភាពរីករាយជាមួយក្រុមហ៊ុន ហ្គោលវែល ខាភីថល ដែលទទួលបានដៃគូសហការថ្មីមួយទៀត ក្នុងការជំរុញការប្រើប្រាស់និងបង្កើនសមត្ថភាពរវាងគ្នានិងគ្នា ក្នុងដំណើរនាំយកនូវភាពរុងរឿងសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៃប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងតាមរយៈកម្មវិធីអនឡាញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្រៅពីក្រុមហ៊ុនភាគីដែលត្រូវចុះហត្ថលេខា ក៏មានការអញ្ជើញចូលរួមជាអធិបតី និងជាសក្ខីភាព ដោយឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ឯកឧត្ដម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងវត្តមាននៃអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺ លោក Lawrence Kook។
ក្នុងនាមជាតំណាងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោក Lawrence Kook បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្ដីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ហ្គោលវែល ខាភីថល និង ក្រុមហ៊ុន Sun Hill Assets ហើយយើងជឿជាក់ថា កិច្ចសហប្រតិបត្ដិការមួយនេះនឹងពាំនាំនូវសារៈប្រយោជន៍ជាច្រើនសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាទីផ្សារនៅប្រទេសកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមើលឃើញថា ប្រទេសកម្ពុជាផ្ទាល់ បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្មេយ៍។ ជាមួយគ្នានេះ ការសម្រេចបាននូវកិច្ចសហប្រតិបត្ដិការជាលក្ខណៈអន្ដរជាតិមួយនេះ គឺជាមោទកភាពរបស់យើង ពីព្រោះវាជាផ្នែកមួយនៃសមិទ្ធផលរួមរបស់គណៈកម្មការមូលបត្រកម្ពុជា និង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លើការខិតខំផ្សព្វផ្សាយអំពីទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ។»
លោកបានបន្ថែមទៀតថា៖ «យើងពិតជាមានការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមហ៊ុន ហ្គោលវែល ខាភីថល សម្រាប់ការអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស រហូតក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទកំពូលៗលំដាប់អន្ដរជាតិ។ យើង ក៏ចូលរួមអបអរសាទរដល់ក្រុមហ៊ុន Sun Hill Assets ផងដែរ ដែលបានសម្រេចចិត្ដជ្រើសរើសក្រុមហ៊ុន ហ្គោលវែល ខាភីថល ជាដៃគូសហប្រតិបត្តិការជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុនទាំងពីរនេះ មានលក្ខណៈសម្បត្តិស័ក្តិសមគ្នាឥតខ្ចោះ ទាំងជំនាញឯកទេស បទពិសោធន៍ ភាពមានវិជ្ជាជីវៈ កិត្ដិនាម និងចក្ខុវិស័យ។ ដូច្នេះ នៅក្នុងវិស័យឧបករណ៍និស្សន្ទរបស់យើង យើងនឹងមានកម្លាំងបន្ថែមកាន់តែរឹងមាំ ដើម្បីបន្ដដំណើររួមគ្នាកាន់តែឆ្ងាយ និងមុជកាន់តែជ្រៅ ក្នុងការស្វែងរក និងពាំនាំនូវឱកាសមាស ឱកាសប្រាក់ជូនដល់វិនិយោគិន។ កត្តានេះ នឹងជួយលើកស្ទួយការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ។»
ដោយមានក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជាក្រុមហ៊ុនសមភាគីកណ្ដាលរបស់ខ្លួន បច្ចុប្បន្ននេះ ក្រុមហ៊ុន ហ្គោលវែល ខាភីថល គឺជាក្រុមហ៊ុនមួយក្នុងចំណោមកំពូលក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងបីនៅកម្ពុជា ហើយបានប្រើប្រាស់នូវធនធាន និងកម្លាំងកាយចិត្តជាច្រើន ដើម្បីកែសម្រួល និងអភិវឌ្ឍលើផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន ឱ្យឈានដល់កម្រិតខ្ពស់បំផុត។ ភាពលេចធ្លោ និងភាពរីកចម្រើនរបស់ក្រុមហ៊ុន ហ្គោលវែល ខាភីថល ត្រូវបានទទួលស្គាល់ និងជឿទុកចិត្តទាំងស្រុងពីក្រុមហ៊ុន Sun Hill Assets ដែលមានបំណងពង្រីកវិសាលភាពនៃអាជីវកម្ម និងផ្ដល់ជូនអតិថិជនរបស់ខ្លួន ជាពិសេសវិនិយោគិនលើផលិតផលឧបករណ៍និស្សន្ទនូវបទពិសោធន៍ជួញដូរដ៏ល្អបំផុត តាមរយៈការប្រើប្រាស់កម្មវិធីជួញដូរដែលធានានូវតម្លាភាពនិងគួរឱ្យទុកចិត្ដបំផុត និងសេវាអតិថិជនដ៏ល្អឥតខ្ចោះជាដើម។ ចំណុចសំខាន់ៗទាំងអស់នេះ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកំណើតនៃអនុស្សរណៈយោគយល់គ្នានេះ ដែលត្រូវបានគាំទ្រ និងអបអរសាទរយ៉ាងពេញទំហឹងពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។