ដើម្បីចូលរួមចំណែកក្នុងស្មារតីសាមគ្គីជាតិ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ សម្រាប់ការត្រៀមកញ្ចប់ថវិកាទិញវ៉ាក់សាំងកូវីដ-១៩ យកមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។
ចាប់តាំងពីមានការរាតត្បាតនៃវីរុសកូរ៉ូណាមក រាជរដ្ឋាភិបាលកម្ពុជាតែងតែលើកកម្ពស់ការផ្សព្វផ្សាយរាល់វិធានការការពារទាំងអស់ ដែលបានណែនាំដោយអង្គការសុខភាពពិភពលោក ដើម្បីធានាឱ្យបាននូវសុវត្ថិភាពខ្ពស់បំផុត និងបានជំរុញលើកទឹកចិត្ដដល់ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាឱ្យអនុវត្តវិធានការការពារទាំងនោះឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន ព្រមទាំងតាមដានការធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងវីរុសកូរ៉ូណា។
ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងភាពជោគជ័យក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមចំណែកជាមួយរដ្ឋាភិបាល ព្រមទាំងសប្បុរសជនដទៃទៀត ក្នុងការត្រៀមកញ្ចប់ថវិកាដើម្បីទិញវ៉ាក់សាំងចំនួន ១លានដូស ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនប្រជាជន ៥០ម៉ឺននាក់ ដែលជាក្រុមងាយនឹងទទួលរងការឆ្លងមេរោគបំផុត ជាពិសេសសម្រាប់កម្លាំងជួរមុខដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល។
លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖ «ទំនួលខុសត្រូវសង្គម គឺជាគុណតម្លៃស្នូលមួយរបស់ក្រុមហ៊ុនយើង។ ទោះបីការបរិច្ចាគនេះ គឺជាចំណែកតូចមួយក៏ដោយ វាពិតជាសំខាន់សម្រាប់ការជួយដល់សង្គមដែលកំពុងជួបការលំបាក។»
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ចំនួនថវិកាដែលត្រូវបានបរិច្ចាគពីសប្បុរសជនទាំងអស់ បានកើនឡើងលឿនជាងការរំពឹងទុក ដែលជាការបង្ហាញពីទឹកចិត្ដសប្បុរស និងកម្លាំងសាមគ្គីជាតិយ៉ាងខ្លាំងក្លា។