ដើម្បីដោះស្រាយ និងទប់ស្កាត់ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត និងគណនីក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់ប្រភេទ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្តាលឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់ជូនសេវាកម្មវិនិយោគហិរញ្ញវត្ថុ និងផាត់ទាត់ប្រតិបត្ដិការជួញដូរ តែងតែមានវិធានការយ៉ាងម៉ឺងម៉ាត់ ទៅលើគម្រោងវិនិយោគក្លែងបន្លំណាមួយ ដើម្បីការពារអតិថិជន ក៏ដូចជាវិស័យវិនិយោគហិរញ្ញវត្ថុនៅកម្ពុជាទាំងមូលផងដែរ។
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមក្នុងវគ្គបណ្ដុះបណ្តាលកសាងសមត្ថភាពស្តីពី «សន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណេត» ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីទិដ្ឋភាពទូទៅនៃសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា ការកំណត់សម្គាល់សកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត ដំណោះស្រាយចំពោះការលួចប្រើប្រាស់គណនីផ្សព្វផ្សាយសង្គមដោយគ្មានការអនុញ្ញាត ឬការបង្កើតគណនីក្លែងក្លាយ និងការការពារទិន្នន័យផ្ទាល់ខ្លួននៅក្នុងយុគសម័យឌីជីថល។
ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក្រោមការគាំទ្រឧបត្ថម្ភដោយ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមជាមួយនឹងក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងក្រុមហ៊ុន ហ្គោលវែល ខាភីថល។ ក្រុមហ៊ុនទាំងបីសុទ្ធតែមានអ្នកតំណាងចូលរួមក្នុងវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពនេះ។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងឯកឧត្ដម ស្រ៊ុន គឹមសាន សមាជិកនៃ ន.ទ.ក.។
ក្រុមការងាររបស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមយ៉ាងយកចិត្តទុកដាក់ និងបានយល់ឃើញថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានអត្ថប្រយោជន៍ និងជាកាតព្វកិច្ចមួយសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការស្វែងយល់ពីសារៈសំខាន់នៃសន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណេត ដើម្បីឱ្យអតិថិជនរបស់ពួកគាត់មានសុវត្ថិភាព និងទំនុកចិត្ដនៅពេលប្រើប្រាស់សេវាកម្មរបស់ខ្លួន។
លោក វ៉ែន សំអាត ប្រធានផ្នែកអនុលោមភាពនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានមានប្រសាសន៍ថា៖ «ដើម្បីប្រឆាំងនឹងអសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ឬការផ្សព្វផ្សាយការវិនិយោគក្លែងក្លាយ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែប្តេជ្ញាចិត្តក្នុងការអប់រំអតិថិជនរបស់យើងអំពីរបៀបការពារខ្លួន និងអនុវត្តតាមការណែនាំយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសហការជាមួយភាគីពាក់ព័ន្ធដូចជា៖ ន.ម.ក. ផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់យើងទាំងអស់ ក្នុងការបង្កើតសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងកម្មវិធីអប់រំជាច្រើនទៀត ដើម្បីឱ្យសាធារណជនអាចយល់ដឹងកាន់តែស៊ីជម្រៅ អំពីទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទ ដែលត្រូវបាននិងកំពុងណែនាំ និងអនុវត្តនៅក្នុងប្រទេសកម្ពុជា»។
លោកបានបន្ថែមទៀតថា៖ «យើងជឿជាក់ថា ការផ្សព្វផ្សាយព័ត៌មាន និងការអប់រំ គឺជាគន្លឹះសម្រាប់ការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណេះដឹង និងវឌ្ឍនភាពជានិរន្ដរ៍។ តាមរយៈការផ្ដល់ការអប់រំ និងវិធីសាស្រ្ដ ដល់អតិថិជន និងដៃគូរបស់យើង ក្នុងការរក្សាសុវត្ថិភាពតាមប្រព័ន្ធអនឡាញ យើងទាំងអស់គ្នាពិតជាអាចបញ្ចៀសការខាតបង់ផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណេត»។
បន្ទាប់ពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ប្តេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត លើការការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេត ដើម្បីទាញយកអត្ថប្រយោជន៍ពិតប្រាកដសម្រាប់អតិថិជនរបស់យើង ក៏ដូចជាដើម្បីទទួលបានទំនុកចិត្តពីសាធារណជនក្នុងការវិនិយោគហិរញ្ញវត្ថុ និងកសាងជំនឿជាក់លើទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា។