នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សាតុមូលក្នុងអំឡុងកម្មវិធីបណ្តុះបណ្តាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ដ លើកទី២២ របស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដើម្បីចែករំលែកការយល់ដឹងស៊ីជម្រៅទៅលើប្រធានបទ៖ «ប្រតិបត្តិការ និងកត្តាប្រឈមនៃអាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា»។
លោក វ៉ែន សំអាត ដែលជាប្រធានផ្នែកច្បាប់នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងជាអ្នកតំណាងក្រុមហ៊ុន បានចូលរួមជាសមាជិកម្នាក់ក្នុងចំណោមក្រុមវាគ្មិនពិភាក្សា។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោកបានបង្ហាញអំពីប្រតិបត្តិការ និងគំរូអាជីវកម្មជោគជ័យរបស់ក្រុមហ៊ុន ក្នុងនាមជាក្រុមហ៊ុនសមភាគីកណ្តាលដំបូងគេបង្អស់នៅកម្ពុជា ដែលបានជួយត្រួសត្រាយទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងផ្តល់ការគាំទ្រក្នុងការសម្របសម្រួលដល់ក្រុមហ៊ុនឈ្មួញជើងសារបស់ខ្លួនឱ្យទទួលបានចំណែកទីផ្សារខ្ពស់។ លោកក៏បានបង្ហាញការដឹងគុណរបស់ក្រុមហ៊ុនចំពោះ ន.ម.ក សម្រាប់កិច្ចខិតខំប្រឹងប្រែង ការណែនាំ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីចេតនារបស់ក្រុមហ៊ុនក្នុងការសហការរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជម្នះរាល់បញ្ហាប្រឈម ជំរុញការយកចិត្តទុកដាក់ជាសាធារណៈ និងបង្កើនល្បឿននៃការរីកចម្រើនរបស់ទីផ្សារ។
ក្រៅពីប្រធានបទពិភាក្សាខាងលើ របៀបវារៈនៃកម្មវិធីបណ្តុះបណ្តាលលើកទី២១នេះ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីតួនាទី និងកាតព្វកិច្ចរបស់អង្គភាព និងបុគ្គលពាក់ព័ន្ធ ក្នុងការធានាឱ្យមានស្តង់ដារ និងវិជ្ជាជីវៈខ្ពស់ ដើម្បីពង្រឹងការអភិវឌ្ឍទីផ្សារប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ក្នុងការរួមចំណែកដល់ការលើកកម្ពស់ការអប់រំ និងកេរ្តិ៍ឈ្មោះនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានក្លាយជាដៃគូសហការយ៉ាងសំខាន់របស់ ន.ម.ក ដោយបានផ្សព្វផ្សាយអំពីទីផ្សារទៅកាន់ឆាកអន្តរជាតិ មិនត្រឹមតែនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបផងដែរ រួមបញ្ចូលទាំង ពិព័រណ៍អន្ដរជាតិ iFX Expo International នៅប្រទេសសាយប្រឺសក្នុងឆ្នាំ ២០១៨ និងកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ (London Summit) ក្នុងឆ្នាំ ២០១៨ និង ២០១៩ ។
នៅក្នុងប្រទេសវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង ន.ម.ក បានចាប់ដៃគ្នាសម្រេចបាននូវការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើនរួចមកហើយ ទាំងតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ ដើម្បីអប់រំ និងបង្ហាញពីអត្ថប្រយោជន៍នៃការវិនិយោគឧបករណ៍និស្សន្ទ។ ព្រឹត្តិការណ៍មួយដែលគួរជាទីមោទក និងមិនអាចបំភ្លេចបាន ចំពោះសាធារណជន ក៏ដូចជាក្រុមហ៊ុន និងន.ម.ក ផ្ទាល់នោះ គឺសិក្ខាសាលាបណ្ដុះបណ្ដាលអំពីការវិនិយោគឧបករណ៍និស្សន្ទ ដែលបានប្រព្រឹត្តទៅនៅគ្រប់ខេត្ត-ក្រុងទាំងអស់នៃប្រទេសកម្ពុជា។ កម្មវិធីនេះបានជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងសបញ្ជាក់ពីសុចរិតភាពនៃទីផ្សារកាន់តែច្បាស់ដល់ប្រជាជនខ្មែរ ជាពិសេសសម្រាប់វិនិយោគិនសក្តានុពល។