នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមពិធីអបអរសាទររបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ហៅកាត់ថា (G-Link) ដែលបានក្លាយជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ ១ ដែលមានផលិតផលវិនិយោគច្រើនជាងគេបំផុតនៅកម្ពុជា។ កម្មវិធីនេះ ក៏មានគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយលើវត្តមាននៃផលិតផលវិនិយោគក្នុងរូបភាពជាកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ ឬហៅថា Equity CFD ក៏ដូចជាអត្ថប្រយោជន៍ដ៏គួរឱ្យកត់សម្គាល់នៃផលិតផលវិនិយោគទាំងនេះសម្រាប់សាធារណជន ក្រោមការទទួលស្គាល់ និងការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក)។ វិនិយោគិនអាចរីករាយក្នុងការវិនិយោគទៅលើផលិតផលនេះបានតាមរយៈក្រុមហ៊ុន G-Link ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។
ជាមួយនឹងវត្តមានថ្នាក់ដឹកនាំនៃ ន.ម.ក រួមមាន៖ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក និង ឯកឧត្ដមបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រនៃ ន.ម.ក លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ត្រូវបានអញ្ជើញឱ្យចូលរួមអបអរ និងចែករំលែកពេលវេលាដ៏មានអត្ថន័យ ដែលកើតចេញពីសមិទ្ធផល និងការរីកចម្រើនជាបន្ដបន្ទាប់របស់ក្រុមហ៊ុន G-Link ។
ចាប់តាំងពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានក្លាយជាក្រុមហ៊ុនសមភាគីកណ្តាលដំបូងគេនៅក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្រុមហ៊ុនបានបង្កើតនូវពាណិជ្ជសញ្ញាអាជីវកម្មរបស់ខ្លួនដោយមើលទៅលើកម្រិតស្តង់ដារក្រុមហ៊ុនអន្តរជាតិ នាំយកគំរូប្រតិបត្ដិការ និងកសាងវប្បធម៌ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។ រហូតមកដល់ពេលនេះ ដោយមានការបន្ដលើកកម្ពស់នូវគោលការណ៍អាជីវកម្មធំៗចំនួន ៣ រួមមាន៖ កិត្ដិនាម ភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ សម្រាប់ក្រុមហ៊ុនឈ្មួញជើងសាទាំងអស់របស់ខ្លួន ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានឃើញនូវការពេញចិត្តយ៉ាងខ្លាំងរួមជាមួយនឹងវឌ្ឍនភាពឥតឈប់ឈររបស់ក្រុមហ៊ុនឈ្មួញជើងសា ជាពិសេសក្រុមហ៊ុន G-Link ដូចដែលយើងបានឃើញនៅពេលនេះស្រាប់។
លោក Lawrence Kook បានមានប្រសាសន៍ថា៖ «វាជាទម្លាប់ទៅហើយដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែអបអរសាទរជាមួយក្រុមហ៊ុន G-Link ស្ទើរតែជារៀងរាល់ឆ្នាំ ឬរៀងរាល់រដូវកាល ដោយកម្មវិធីទាំងនោះ រួមមាន៖ ការអបអរក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដែលមានប្រតិបត្ដិការជួញដូរច្រើនជាងគេបង្អស់ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទផ្សេងទៀតនៅកម្ពុជា ការក្លាយជាក្រុមហ៊ុននាំមុខគេ និងតែមួយគត់ដែលបានបញ្ចប់ការរៀបចំសិក្ខាសាលាអប់រំផ្នែកឧបករណ៍និស្សន្ទទូទាំងប្រទេសជាមួយនឹងនិយ័តករទីផ្សារ ន.ម.ក ការផ្ដល់កម្មវិធីអប់រំដល់សិស្សានុសិស្សមកពីសាកលវិទ្យាល័យផ្សេងៗដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារបន្ទាប់ពីបញ្ចប់ការសិក្សា និងព្រឹត្តិការណ៍ជាច្រើនទៀតចាប់តាំងពីឆ្នាំ ២០១៦ មក ។ នៅថ្ងៃនេះ យើងនៅទីនេះដើម្បីអបអរដល់ក្រុមហ៊ុន G-Link ជាថ្មីម្ដងទៀត ដែលបានក្លាយជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ១ ដែលមានផលិតផលវិនិយោគច្រើនជាងគេបំផុតនៅក្នុងកម្មវិធីជួញដូររបស់ខ្លួន ដែលអនុញ្ញាតឱ្យវិនិយោគិននៅកម្ពុជាមានផលិតផលវិនិយោគប្រកបដោយសក្ដានុពល និងច្រើនប្រភេទ ដើម្បីដាក់បញ្ចូលក្នុងផលប័ត្រវិនិយោគរបស់ពួកគេ។ នេះគឺជាដំណើររួមគ្នាដ៏អស្ចារ្យបំផុតមួយ!»។
លោកបានបន្ថែមទៀតថា៖ «ទោះយ៉ាងនេះក្ដី យើងដឹងថាលទ្ធផលការងាររបស់យើង គឺមិនទាន់ឈានទៅដល់សក្តានុពលនៃទីផ្សាររបស់យើងនៅឡើយទេ ហើយយើងមិនអាចធ្វើវាតែម្នាក់ឯងបានទេ នេះមានន័យថា យើងត្រូវការការគាំទ្រ មិនត្រឹមតែពីក្រុមការងាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ទន្ទឹងរង់ចាំការចូលរួមរបស់អ្នកដែលចង់ធ្វើឱ្យវិស័យមួយនេះកាន់តែល្អប្រសើរឡើង និងជឿនលឿនទៅមុខ» ។
ដោយចូលរួមក្នុងស្មារតីនេះ ជាដំបូងគណៈអធិបតីនៃ ន.ម.ក បានសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុន G-Link ដែលតែងតែបន្ដប្រតិបត្ដិការល្អប្រសើរក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេ និងបានអបអរសាទរដល់ក្រុមហ៊ុន G-Link ដែលបានក្លាយជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ១ ដែលមានផលិតផលវិនិយោគច្រើនជាងគេបំផុតនៅកម្ពុជា។
ឯកឧត្ដម ស៊ូ សុជាតិ បានបញ្ជាក់ថា៖ «ការកើនឡើងនូវទំហំជួញដូររបស់ក្រុមហ៊ុន G-Link មិនមែនជារឿងចៃដន្យនោះទេ ព្រោះក្រុមហ៊ុននេះបាន និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគសាធារណៈតាមរយៈការផ្ដល់ជម្រើសផលិតផលឧបករណ៍និស្សន្ទដែលទទួលបានការអនុញ្ញាតជាច្រើនដល់វិនិយោគិន រួមទាំងការគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្ដិដែលមានជាធរមាន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន G-Link ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា តាមរយៈការទាក់ទាញ និងការផ្ដល់ទំនុកចិត្ដដល់វិនិយោគិនឱ្យចូលរួមវិនិយោគនៅក្នុងវិស័យនេះ»។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ពិតជាមានមោទកភាពដែលបានឃើញក្រុមហ៊ុនឈ្មួញជើងសារបស់ខ្លួន G-Link មានការរីកចម្រើនទៅមុខយ៉ាងល្អទាក់ទងនឹងកម្រិតស្តង់ដារ វិសាលភាពសេវាកម្ម ទំហំផលិតផល និងឱកាសវិនិយោគសម្រាប់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នឹងបន្តសហការជាមួយ ន.ម.ក និងគាំទ្រដល់ក្រុមហ៊ុន G-Link ក៏ដូចជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទផ្សេងទៀតរបស់ខ្លួន ក្នុងការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចជាតិនៅក្នុងប្រទេសកម្ពុជាទាំងមូល។