ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង Bin Zayed Asia LLC គ្រុប បានបញ្ចប់កិច្ចប្រជុំប្រកបដោយផ្លែផ្កាមួយ ក្នុងគោលបំណងអភិវឌ្ឍវិស័យឧបករណ៍និស្សន្ទនៅទីក្រុងឌូបៃ និងនៅទូទាំងបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ាជាបន្តបន្ទាប់ ដែលនេះ គឺជាសញ្ញាវិជ្ជមានមួយទៀតចំពោះភាពរីកចម្រើនជាសាកលនៃទីផ្សារឧបករណ៍និស្សន្ទ។ កិច្ចប្រជុំនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2019 នៅទីស្នាក់ការកណ្តាលរបស់ Bin Zayed Asia LLC គ្រុប នៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម។
បន្ទាប់ពីបានបង្កើតប្រវត្តិសាស្រ្តក្នុងការជម្រុញ និងសម្របសម្រួលឱ្យមានទីផ្សារឧបករណ៍និស្សន្ទស្របច្បាប់ជាលើកដំបូងនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នាពេលបច្ចុប្បន្ននេះ កំពុងផ្តោតទៅលើការពង្រីកវិសាលភាពរបស់ខ្លួននៅតំបន់ផ្សេងៗនៃពិភពលោក។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ គឺលោក Lawrence Kook (អភិបាល)។ តំណាងឱ្យ Bin Zayed Asia LLC គ្រុប ព្រះអង្គម្ចាស់ Sheikh Khaled Zayed Saquer Al-Nahyan ដែលជាអគ្គនាយក លោក Pramod Chordiya ដែលជានាយកប្រតិបត្តិ និងលោក Midhat Kidwai ដែលជានាយកគ្រប់គ្រង បានចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ ក្នុងពេលនោះដែរ ក៏មានវត្តមានកិត្តិយសរបស់លោក Ahmed Bin Sulayem អគ្គនាយកនៃ Dubai Multi Commodities Center លោក Manoj Ghotkar និងលោក Jayesh Nikhade ដែលជានាយកគ្រប់គ្រង និងអភិបាលនៃ I Port Group។ អ្នកទាំងអស់គ្នា បានពិភាក្សាយ៉ាងលម្អិត ដើម្បីបង្កើតយុទ្ធសាស្រ្តដ៏ល្អបំផុតសម្រាប់ផែនការអភិវឌ្ឍប្រកបដោយភាពជោគជ័យ។
ភាគីទាំងអស់ជឿជាក់យ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងជួយជម្រុញទីផ្សារឧបករណ៍និស្សន្ទ និងភ្ជាប់ការវិនិយោគរវាងទីក្រុងឌូបៃ និងបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា ក៏ដូចជាប្រទេសជិតខាងផងដែរ។
លោក Lawrence បានមានប្រសាសន៍ថា៖ “តាមរយៈកិច្ចប្រជុំនេះ យើងនឹងនាំមកនូវការជួញដូរដែលប្រកបដោយវិជ្ជាជីវៈ រួមជាមួយនឹងផលិតផលជាច្រើន ដែលអនុញ្ញាតឱ្យតួអង្គក្នុងទីផ្សារអន្តរជាតិនៅគ្រប់កម្រិតទាំងអស់ អាចមកវិនិយោគនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ (ទីក្រុងឌូបៃ)។ ដោយផ្អែកលើលក្ខណៈយុទ្ធសាស្ត្រនិងភូមិសាស្ត្រ យើងមានបំណងពង្រីកអាជីវកម្មទៅកាន់ប្រទេសជិតខាង ដូចជាប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានផងដែរ។ ខ្ញុំពិតជារំភើបណាស់ នៅពេលដែលខ្ញុំគិតអំពីសក្តានុពល និងលទ្ធផលនៅពេលអនាគត។”
Bin Zayed Asia LLC គ្រុប បានធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនអស់រយៈពេលជាង 30 ឆ្នាំមកហើយ ដោយបានបង្កើតក្រុមហ៊ុនជោគជ័យជាច្រើនក្នុងវិស័យអាកាសចរណ៍ វិស័យហិរញ្ញវត្ថុនិងវិនិយោគ វិស័យថាមពល វិស័យវិស្វកម្ម វិស័យអចលនទ្រព្យ វិស័យគមនាគមន៍ វិស័យទេសចរណ៍ ក៏ដូចជាវិស័យពាណិជ្ជកម្មនិងភស្តុភារ។
ព្រះអង្គម្ចាស់ Sheikh Khaled បាននិយាយថា៖ “ដូចគ្នាទៅនឹងសមាជិកដទៃទៀតនៃ Bin Zayed Asia LLC គ្រុបដែរ ខ្ញុំសូមប្រកាសពីទំនាក់ទំនងយូរអង្វែងជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ ខ្ញុំ ទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយពួកគេដើម្បីភាពរីកចម្រើនដ៏ឆាប់រហ័សនៃទីផ្សារឧបករណ៍និស្សន្ទនៅទីក្រុងឌូបៃ និងក្នុងប្រទេសនៅមជ្ឈឹមបូព៌ា។”
កិច្ចព្រមព្រៀងជាផ្លូវការរវាង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង Bin Zayed Asia LLC គ្រុប ត្រូវបានគេរំពឹងថា វានឹងកើតមានក្នុងពេលអនាគតដ៏ខ្លី។