នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានប្រជុំជាមួយសមាគមជប៉ុនដែលត្រូវបានដឹកនាំដោយលោក Toshiyuki Utaka។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ និងមានការចូលរួមពីវិនិយោគិន ក៏ដូចជាតំណាងនៃក្រុមហ៊ុនខ្នាតតូចនិងមធ្យម ក្នុងប្រទេសកម្ពុជា ជប៉ុន និងតៃវ៉ាន់។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើតវេទិកាបើកចំហមួយ ដែលព័ត៌មានអាជីវកម្ម ឱកាសវិនិយោគ និងលទ្ធភាពនៃកិច្ចសហប្រតិបត្ដិការ អាចត្រូវបានលើកមកពិភាក្សា។ ក្នុងអំឡុងកិច្ចប្រជុំ ភាគីជប៉ុន និងកម្ពុជា បានផ្លាស់ប្តូរយោបល់គ្នា ដើម្បីណែនាំ អភិវឌ្ឍ និងពង្រីកអាជីវកម្ម និងការវិនិយោគថ្មីៗ រវាងក្រុមហ៊ុនទាំងអស់ ទាំងនៅក្នុងតំបន់ និងក្រៅតំបន់។
លោក Lawrence Kook ដែលជាអភិបាល និងនាយកប្រតិបត្ដិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានធ្វើជាតំណាងក្រុមហ៊ុនក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះ និងបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទូទៅ។
ទន្ទឹមនឹងនេះ លោក Lawrence Kook ក៏បានលើកឡើងពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមជាមួយនឹងលក្ខខណ្ឌវិនិយោគដ៏អំណោយផល ដែលទាំងអស់នេះជាចំណុចទាក់ទាញបំផុតសម្រាប់វិនិយោគិនសក្ដានុពល ក្នុងការជ្រើសរើសប្រទេសកម្ពុជាជាគោលដៅពង្រីកអាជីវកម្មអាទិភាពរបស់ខ្លួន។ កត្តានេះនឹងបន្ថែមគុណតម្លៃយ៉ាងសំខាន់ដល់ទិដ្ឋភាពជាច្រើនទៀតនៃការអភិវឌ្ឍរបស់កម្ពុជា។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សូមថ្លែងអំណរគុណចំពោះឱកាសនេះ ហើយក្រុមហ៊ុននឹងនៅតែប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីជួយដល់វិនិយោគិនជប៉ុន និងក្រុមហ៊ុននានាក្នុងការធ្វើពិពិធកម្មវិនិយោគ ដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជា និងទាក់ទាញការវិនិយោគបរទេសមកពីជុំវិញពិភពលោក។