“វា គឺជាកិត្តិយសណាស់សម្រាប់ខ្ញុំក្នុងការលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទ ណែនាំឧបករណ៍និស្សន្ទជាអត្ថប្រយោជន៍បន្ថែមដល់អាជីវកម្មអចលនទ្រព្យ និងបង្ហាញពីជំនាញទំនាក់ទំនងជាមួយអតិថិជននៅកម្ពុជា។” នេះគឺជាសម្ដីដកស្រង់ពីសុន្ទរកថារបស់លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ខណៈដែលក្រុមហ៊ុន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសិក្ខាសាលារបស់ Keller Williams Cambodia នាថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។
Keller Williams Cambodia គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិប្រតិបត្តិការ(franchise)ពីKeller Williams Worldwide ដែលជាស្ថាប័នដែលមានភ្នាក់ងារអចលនទ្រព្យច្រើនបំផុត ជាមួយនឹងវត្តមាននៅលើទីផ្សារចំនួន ១៧០ នៅទូទាំងសាកលលោក ។
សិក្ខាសាលានេះ បានផ្តោតសំខាន់លើវិស័យអចលនទ្រព្យ និងការវិនិយោគចម្រុះ ហើយគឺជាព្រឹត្តិការណ៍សំខាន់ដំបូងគេបង្អស់នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩ របស់ Keller Williams Cambodia។
ការចូលរួមរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នៅក្នុងសិក្ខាសាលានេះ បានបន្តឆ្លុះបញ្ចាំងពីភាពស្វិតស្វាញរបស់ខ្លួនក្នុងការផ្តល់ការអប់រំដ៏ទូលំទូលាយទាក់ទងនឹងការវិនិយោគដល់សាធារណៈជន។ បន្ទាប់ពីការចាប់បដិសន្ធិរបស់ខ្លួន ក្រុមហ៊ុន បានរៀបចំព្រឹត្តិការណ៍ទាក់ទងនឹងចំណេះដឹងជាច្រើន និងបានសហការរៀបចំសិក្ខាសាលា និងវេទិកាផ្សេងៗ ដើម្បីជម្រុញសមត្ថភាពលើការវិនិយោគ។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏បានឧបត្ថម្ភពិធីសម្ពោធនិងការបោះពុម្ពសទ្ទានុក្រមទំនើបមួយកាលពីឆ្នាំមុន ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់ខ្លួនលើការបង្កើនគុណភាពនៃការអប់រំ ការផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំ និងការផ្តល់នូវធនធានអប់រំដ៏ល្អបំផុត។
លោក Lawrence បានបន្តថា៖ “មិនថាយើងត្រូវខិតខំប្រឹងប្រែង និងចំណាយធនធានប៉ុណ្ណានោះទេ យើងតែងតែជឿជាក់ថា ការអប់រំគឺជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ផ្តល់ការអប់រំមិនត្រឹមតែសម្រាប់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុគ្គលិករបស់យើងផងដែរ ដើម្បីឱ្យពួកគេរក្សាបាននូវស្តង់ដារខ្ពស់មួយ ហើយយើងនឹងអនុវត្តវាបន្តទៀត។”
អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រូបនេះ បានបន្ថែមថា៖ “មិនថាវិនិយោគិនធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ ឧបករណ៍និស្សន្ទ ឬទម្រង់ផ្សេងណាមួយនៃការវិនិយោគនោះទេ វិនិយោគិនត្រូវការការអប់រំ ពីព្រោះតាមរយៈការអប់រំ ពួកគេពិតជាអាចតាមដានស្ថានភាពទីផ្សារ កំណត់បាននូវឱកាសវិនិយោគល្អៗ បង្កើនជំនាញ និងបង្កើតយុទ្ធសាស្ត្រវិនិយោគល្អបំផុត ហើយប្រាកដណាស់ ពួកគេអាចកាត់បន្ថយហានិភ័យនៃការវិនិយោគ។ នៅទីនេះ ខ្ញុំក៏ចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាថា ការធ្វើពិពិធកម្មលើសំនុំនៃការវិនិយោគ អាចជួយឱ្យវិនិយោគិនគ្រប់គ្រងហានិភ័យ និងបង្កើតផលត្រលប់ពីការវិនិយោគបន្ថែមទៀត ជាជាងពឹងផ្អែកលើការទាញយកប្រាក់ចំណូលពីប្រភពតែមួយ។”
ក្រៅពីការចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏បានផ្សព្វផ្សាយពីប្រទេសកម្ពុជា និងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសមួយនេះនៅលើឆាកអន្តរជាតិផងដែរ។ នៅចុងខែមករានេះ ក្រុមហ៊ុន នឹងចូលរួមក្នុងពិព័រណ៍ iFX Expo Asia ឆ្នាំ2019 នៅទីក្រុងហុងកុង ដើម្បីបន្តបង្ហាញប្រទេសកម្ពុជាទាំងមូលដល់បណ្ដាប្រទេសនានានៅទូទាំងពិភពលោក និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា។