ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេងទាំងអស់ បានរួមគ្នាគោរពដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដោយបានអធិដ្ឋាន និងបួងសួងឱ្យពួកគាត់បានទៅដល់សុគតិភព និងមានសុភមង្គលនៅជាតិខាងមុខ។ ក្រុមហ៊ុន ក៏ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដល់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។
នៅក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង យើងពិតជាមានសេចក្ដីសោកស្តាយជាខ្លាំង ដែលផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរជាច្រើន ត្រូវបានបំផ្លាញដោយសារគ្រោះទឹកជំនន់ ហើយខ្លះទៀតក៏ត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ជារៀងរហូត។ ដូច្នេះហើយ ក្រៅពីការបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារទាំងនោះ ក៏ដូចជាប្រជាជនខ្មែរដទៃដែលបានរងគ្រោះក្នុងទឹកជំនន់នេះដែរ ក្រុមហ៊ុនក៏បានបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារអាមេរិក តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរៃអង្គាសថវិកាជួយឧបត្ថម្ភនូវតម្រូវការចាំបាច់ ក៏ដូចជាផ្ដល់ក្ដីសង្ឃឹម និងកម្លាំងចិត្ដដល់ជនរងគ្រោះទាំងអស់។