កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមនៅក្នុងពិព័រណ៍ London Summit 2018 នៅសាល Old Billingsgate នៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយបានផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទីផ្សារហិរញ្ញវត្ថុកម្ពុជាដល់អ្នកចូលរួមពិព័រណ៍ជាច្រើនរូប ដែលបានមកពីតំបន់ផ្សេងៗគ្នានៃសាកលលោក។ ពេលនោះ គឺជាពេលវេលាដ៏សំខាន់ និងប្រកបដោយមោទកភាពសម្រាប់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ព្រោះក្រុមហ៊ុន គឺជាស្ថាប័នតែមួយគត់ពីប្រទេសកម្ពុជា ដែលបានមានវត្តមាន បានបង្កើនវិសាលភាពនៃភាពជាដៃគូអន្តរជាតិ បានពង្រីកការដឹងលឺរបស់សាធារណៈជនបរទេសលើប្រទេសកម្ពុជា និងបានគូសបញ្ជាក់នូវឱកាសវិនិយោគនៅកម្ពុជានៅពិព័រណ៍ហិរញ្ញវត្ថុអន្តរជាតិដ៏ធំបែបនេះ។ អ្វីទាំងអស់នោះ បានបង្កើតជាវេទិកាមួយសម្រាប់លំហូរចូលជាបន្តបន្ទាប់នៃវិនិយោគិនបរទេស ដែលនឹងជម្រុញឱ្យមានចរន្ដរស់រវើកនៃសកម្មភាពវិនិយោគ។
London Summit 2018 ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតសម្រាប់សហគមន៍ហិរញ្ញវត្ថុ បានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី 13 ខែវិច្ឆិកា ដល់ថ្ងៃទី 14 ខែវិច្ឆិកា ហើយបានប្រមូលផ្ដុំស្ថាប័នហិរញ្ញវត្ថុជាច្រើន រួមមានក្រុមហ៊ុនសមភាគីកណ្ដាល ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្រុមហ៊ុនឈានមុខក្នុងវិស័យឧបករណ៍និស្សន្ទ ក្រុមហ៊ុនប្រតិបត្តិការផ្ដល់សន្ទនិយភាព ក្រុមហ៊ុនគ្រប់គ្រងទ្រព្យ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ។
គួរជាទីមោទក ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានធ្វើឱ្យក្រុមហ៊ុនតាំងពិព័រណ៍ ក៏ដូចជាអ្នកទស្សនា ស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់នៅក្នុងពិព័រណ៍នោះ។ ចំណុចសំខាន់ៗដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានលើកឡើងពីប្រទេសកម្ពុជា រួមមានទិដ្ឋភាពទូទៅនៃប្រទេសកម្ពុជា វឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា ទស្សនៈវិស័យនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា និងសក្តានុពលនៃការវិនិយោគដ៏ធំសម្បើម។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ក៏បានចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយនឹងអ្នកជំនាញ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ ហើយបានអញ្ជើញពួកគេមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើអាជីវកម្មនិងក្លាយជាផ្នែកមួយនៃអ្នកត្រួសត្រាយការជួញដូរឧបករណ៍ហិរញ្ញវត្ថុនៅកម្ពុជា។ ជាលទ្ធផលការកើនឡើងនៃសកម្មភាពវិនិយោគ នឹងរួមចំណែកដល់ការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា។
ការចូលរួមក្នុងព្រឹត្តិការណ៍ London Summit 2018 របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបន្តបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការជម្រុញ និងនាំមុខទីផ្សារហិរញ្ញវត្ថុកម្ពុជា ជាពិសេសទីផ្សារឧបករណ៍និស្សន្ទ ឱ្យដល់កម្រិតខ្ពស់បំផុត ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់អ្នកប្រតិបត្តិការទីផ្សារ ក៏ដូចជាវិនិយោគិនជាតិនិងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា មុនពេលចូលរួមក្នុង London Summit 2018 នៅលើឆាកអន្តរជាតិ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏បានចូលរួមនៅក្នុងពិព័រណ៍ iFX Expo នៅប្រទេសសាយប្រឺស ហើយបានបង្ហាញខ្លួននៅលើគេហទំព័រអន្តរជាតិ Finance Magnates ផងដែរ។ នៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន បានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជាក្នុងការរៀបចំវេទិកាឧបករណ៍និស្សន្ទផ្សេងៗគ្នា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន បានទទួលជោគជ័យក្នុងការសហការរៀបចំវេទិកាដ៏ធំមួយជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា និងសមាគមប្តូរមាស និងប្រាក់ប្រទេសចិន (Chinese Gold and Silver Exchange Society)។ នៅចុងខែវិចិ្ឆកានិងដើមខែធ្នូនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នឹងចូលរួមចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួននៅក្នុងសិក្ខាសាលាតាមបណ្ដាខេត្តរបស់គណៈកម្មការមូលបត្រកម្ពុជាផងដែរ។