កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ “ទីផ្សារឧបករណ៍និស្សន្ទប្រកួតជាមួយប្រព័ន្ធហិរញ្ញវត្ថុ” នៅសាកលវិទ្យាល័យសេដ្ឋកិច្ចយ៉ាងហ្គូន ហើយបានធ្វើការចែករំលែកការវិភាគលើស្ថានភាពបច្ចុប្បន្ននៃទីផ្សារហិរញ្ញវត្ថុពិភពលោក ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការផ្តល់ជាមតិដើម្បីចូលរួមចំណែកលើកស្ទួយវិស័យឧបករណ៍និស្សន្ទដែលនឹងដំណើរការជាផ្លូវការនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការចែករំលែកនេះ ក៏បានជម្រុញផ្នែកស្មារតីនៃនិសិ្សតថ្នាក់ក្រោយឧត្តមសិក្សាប្រហែល១០០នាក់ផងដែរ។
សាកលវិទ្យាល័យសេដ្ឋកិច្ចយ៉ាងហ្គូន គឺជាសាកលវិទ្យាល័យធំជាងគេមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានភាពល្បីល្បាញលើការផ្តល់ជូនកម្មវិធីសិក្សាផ្នែកសេដ្ឋកិច្ច និងជំនូញ។
លោក Thet Htun Oo នាយកប្រតិបត្តិជាន់ខ្ពស់នៃផ្សារមូលបត្រមីយ៉ាន់ម៉ា បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយបានបង្ហាញពីការអរគុណដល់វាគ្មិនទាំងអស់ដែលបានចែករំលែកនូវចំណេះដឹងដ៏ស៊ីជម្រៅ និងបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួន។ លោក Thet Htun Oo ក៏បានបង្ហាញនូវទស្សនៈវិជ្ជមានលើអនាគតរបស់ទីផ្សារហិរញ្ញវត្ថុមីយ៉ាន់ម៉ា និងបានលើកទឹកចិត្តឲ្យមានការកាត់បន្ថយនូវគម្លាតរវាងទ្រឹស្តីនិងបទពិសោធន៍ជាក់ស្តែង ក៏ដូចជាជួយប្រជាជនមីយ៉ាន់ម៉ាឲ្យចេះទាញយកអត្ថប្រយោជន៍ពីទីផ្សារនេះ។
ដូចគ្នានឹងវាគ្មិនដទៃទៀតដែលមកពីទីក្រុងឌូបៃ សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសមីយ៉ាន់ម៉ានេះតែម្ដង លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានធ្វើការចង្អុលបង្ហាញអំពីចំណុចខ្លាំងនៃទីផ្សារហិរញ្ញវត្ថុមីយ៉ាន់ម៉ា និងជឿជាក់ថាទីផ្សារនេះនឹងអាចក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលរីកចម្រើនលឿនបំផុតនៃពិភពលោក។
លោក Lawrence Kook បាននិយាយថា៖ “ខ្ញុំគិតថា ទីផ្សារហិរញ្ញវត្ថុនៃប្រទេសមីយ៉ាន់ម៉ាមានសក្តានុពលខ្ពស់ ហើយជាមួយនឹងការគាំទ្រនិងការថែទាំត្រឹមត្រូវ ទីផ្សារនេះនឹងមានភាពលេចធ្លោទាំងក្នុងប្រទេសនិងក្រៅប្រទេស។”