ក្នុងស្មារតីពង្រឹងសមធម៌ និងសមភាពក្នុងការអប់រំនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមជាមួយនឹងដៃគូសហការ និងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់យើង បានកំណត់ថា ការចូលរួមចំណែកក្នុងការអភិវឌ្ឍការអប់រំនៅកម្ពុជា គឺជាអាទិភាពដ៏សំខាន់មួយនៅក្នុងទំនួលខុសត្រូវសង្គម (Corporate Social Responsibility) របស់យើង ព្រោះថាយុវជនជំនាន់ក្រោយគឺជាអនាគតនៃប្រទេសជាតិ។
ជាក់ស្ដែង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុនឈ្មួញជើងសារបស់យើង បានជួបជាមួយនឹងសិស្សវិទ្យាល័យជាង ១០០នាក់ នៅសាលា ហេបភីច័ន្ទតារា (Happy Chandara School) ក្នុងគោលបំណងចែករំលែកបទពិសោធន៍តាមរយៈការធ្វើបទបង្ហាញខ្លីៗ ប៉ុន្ដែពោរពេញដោយខ្លឹមសារដ៏មានអត្ថន័យ។ យើងសង្ឃឹមថា សកម្មភាពនេះ នឹងចូលរួមចំណែកមួយផ្នែកតូច ជាមួយអាណាព្យាបាលរបស់ពួកគាត់ ក្នុងការលើកកម្ពស់ផ្នែកប្រាជ្ញាស្មារតី ដែលជាទុនយ៉ាងសំខាន់សម្រាប់ឱ្យពួកគាត់អាចបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យដោយជោគជ័យ និងមានអនាគតភ្លឺស្វាង។
សាលា ហេបភីច័ន្ទតារា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយអ្នកកាសែតឈ្មោះ Tina KIEFFER និងស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការក្រៅរដ្ឋាភិបាល Toutes à l’école ។ សាលា ហេបភីច័ន្ទតារា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដំបូងក្រោមរូបភាពជាសាលាសាកល្បងសម្រាប់ក្មេងស្រីក្រីក្រក្នុងប្រទេសកម្ពុជា ដើម្បីជួយឱ្យពួកគាត់ទទួលបាននូវការអប់រំដែលមានកម្មវិធីសិក្សាល្អគ្រប់គ្រាន់ ដែលមានទាំងភាសាខ្មែរ ភាសាអង់គ្លេស ភាសាបារាំង និងជំនាញផ្សេងៗទៀត ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី ១២។ សាលានេះ មានទីតាំងនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានគោលដៅផ្ដល់ការឧបត្ថម្ភដល់សិស្សនារីក្នុងសហគមន៍ទាំងអស់ ដែលត្រូវការជំនួយ ឱកាស និងការលើកទឹកចិត្តក្នុងការសិក្សា។
ចំពោះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង យើងតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍការអប់រំ តាមរយៈការបង្កើតកម្មវិធីអប់រំនានា។ ជាក់ស្ដែង យើងបានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរអត្ថបទសម្រាប់និស្សិតសាកលវិទ្យាល័យ កម្មវិធីទស្សនកិច្ចសិក្សា សិក្ខាសាលា និងវេទិកាឱកាសការងារជាដើម។
ក្នុងដំណើរនៃការចែករំលែក និងទស្សនកិច្ចនៅសាលា ហេបភីច័ន្ទតារា នេះផងដែរ យើងពិតជារំភើបដែលបានមើលឃើញនូវស្នាមញញឹម ទឹកមុខដ៏រីករាយចេញពីបេះដូង និងស្មារតីផ្សារភ្ជាប់គ្នារបស់សិស្សទាំងអស់នៅទីនោះ។ សម្រាប់ប្អូនៗដែលត្រៀមខ្លួនក្លាយជានិស្សិតថ្នាក់មហាវិទ្យាល័យវិញ ក្រុមការងាររបស់យើងបានបំភ្លឺដល់ពួកគាត់អំពីវិធីដែលយើងអភិវឌ្ឍខ្លួនក្នុងអាជីពការងារពីមួយជំហានទៅមួយជំហាន វិធីដែលយើងអាចជម្នះឧបសគ្គក្នុងជីវិត និងវិធីដែលយើងអាចតាំងចិត្តខ្លួនឯងក្នុងការដោះស្រាយបញ្ហា តម្រូវការនានាក្នុងការសិក្សា សម្ពាធការងារ និងទំនាក់ទំនងសង្គមជាដើម។ ចំណុចទាំងអស់នេះ គឺសុទ្ធសឹងតែជាកត្តាសំខាន់ ដែលពួកគាត់គួរដឹង និងត្រៀមខ្លួនទុកជាមុននៅក្នុងវ័យជំទង់របស់ពួកគាត់។
ដូច្នេះ ដើម្បីឱ្យពិភពលោកយើងកាន់តែប្រសើរឡើង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នឹងបន្តអនុវត្ត ទំនួលខុសត្រូវសង្គមរបស់យើង តាមរយៈការចែករំលែកនូវធនធានផ្សេងៗតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជួយបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ជាពិសេសអ្នកដែលខ្វះខាត ឱ្យឈានដល់សក្តានុពលពេញលេញរបស់ខ្លួន។