ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ នៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2018 ដើម្បីបង្កើតក្របខ័ណ្ឌមួយសម្រាប់កិច្ចសហការក្នុងការអភិវឌ្ឍការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់ដំបូងគេ រវាងស្ថាប័នឧបករណ៍និស្សន្ទ និងស្ថាប័នអចលនទ្រព្យនៅក្នុងទិសដៅបន្តកិច្ចខិតខំប្រឹងប្រែងជម្រុញការវិនិយោគក្នុងស្រុក ក៏ដូចជាលើកស្ទួយវិស័យអប់រំ និងការងារ។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងលោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានតំណាងស្ថាប័នរបស់ខ្លួនក្នុងការចុះហត្ថលេខាជាផ្លូវការលើកិច្ចសហប្រតិបត្តិការធុរកិច្ច ដែលជាការរួបរួមគ្នាដ៏ខ្លាំងមួយ និងត្រូវបានរំពឹងទុកជាគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើនបន្ថែមទៀតនៃសេដ្ឋកិច្ចជាតិ។ បុគ្គលដ៏សំខាន់ទាំងពីររូបនេះ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តពិតប្រាកដរបស់ខ្លួន ក្នុងការសម្រេចអោយបាននូវការរំពឹងទុក ហើយបានបើកចំហរនិងស្វាគមន៍ដល់ការចូលរួមរបស់ដៃគូផ្សេងទៀត ដើម្បីទទួលបានសមិទ្ធិផលសំខាន់ៗក្នុងរយៈពេលខ្លី។
ផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នឹងចែករំលែកធនធាន ហើយធ្វើការជាមួយគ្នា ជាមួយគោលដៅផ្ដល់ការអប់រំលើការវិនិយោគដល់សាធារណជន ជាពិសេសវិនិយោគិន តាមរយៈសិក្ខាសាលា វេទិកា និងវគ្គបណ្តុះបណ្តាលដែលមានគុណភាពនៅទូទាំងប្រទេសកម្ពុជា។ វិនិយោគិនទាំងនៅទីប្រជុំជន និងតាមបណ្ដាខេត្តឆ្ងាយៗ អាចទទួលបានការអប់រំនេះ ដូច្នេះវានឹងជួយអោយពួកគាត់បង្កើនយុទ្ធសាស្រ្តជួញដូរជាបន្តបន្ទាប់ និងទទួលបានលទ្ធផលកាន់តែល្អប្រសើរពីការវិនិយោគ។