ក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ស្វាគមន៍ភ្ញៀវបរទេសជាច្រើន ដើម្បីសិក្សាការវិនិយោគមូលបត្រកម្ពុជា

ក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ស្វាគមន៍ភ្ញៀវបរទេសជាច្រើន ដើម្បីសិក្សាការវិនិយោគមូលបត្រកម្ពុជា

វិស័យមូលបត្រនៅកម្ពុជាទទួលបានការចូលរួមយ៉ាងសម្បើម ពីព្រោះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន​មូលបត្រ​ ភីភី លីងដែលជាក្រុមហ៊ុនឈ្មួញជើងសារបស់ខ្លួន បានសហការគ្នារៀបចំសិក្ខាសាលាជួបជុំដ៏ធំមួយដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសជាច្រើនរូបបានស្វែងយល់ និងទទួលយកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅអគារហ្គោលដិន ថាវវើរ ក្រោមប្រធានបទ៖ «ជំនួបវិនិយោគិនបរទេសសក្តានុពលក្នុងបរិបទវិស័យមូលបត្រនៅកម្ពុជា» និង បានទាក់ទាញភ្ញៀវបរទេសប្រមាណ ១៥០នាក់ មកពីប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត។

ក្រៅ​ពី​វត្ដមាន​ភ្ញៀវអន្តរជាតិ​យ៉ាង​ច្រើនកុះករ​​ ជំនួបដ៏ធំអស្ចារ្យនេះក៏ត្រូវ​បានអញ្ជើញចូលរួមជាកិត្ដិយសដោយ​ ឯកឧត្ដម បណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជាផងដែរ។ បន្ថែមពីនេះ វត្ដមានថ្នាក់ដឹកនាំចំនួនបីរូប ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងវិស័យវិនិយោគហិរញ្ញវត្ថុ​ បានធ្វើបទបង្ហាញពីចំណេះដឹង និងទស្សនៈសំខាន់ៗជុំវិញស្ថានភាពវិនិយោគហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជានិងពិភពលោក និងការត្រៀមខ្លួនសម្រាប់ឱកាសនានា។

វាគ្មិនទី១ គឺលោកបណ្ឌិត Raymond Choi ដែលជាប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន  ឬ Cambodia Chinese Commerce Association (CCCA) បានទាក់ទាញភ្ញៀវកិត្ដិយស ជាពិសេសភ្ញៀវអន្តរជាតិ ជាមួយការយល់ឃើញយ៉ាងស៊ីជម្រៅអំពីការធ្វើអាជីវកម្មនៅកម្ពុជា ដោយផ្អែកទៅតាមទស្សនៈវិនិយោគិនហុងកុង។ កាន់តែពិសេស ជំនាញ និងបទពិសោធរបស់លោកបណ្ឌិត Raymond Choi បានផ្ដល់ចំណេះដឹងយ៉ាងទូលំទូលាយអំពីទិដ្ឋភាពធុរកិច្ចក្នុងស្រុក និងបរិយាកាសវិនិយោគទូទៅ ក៏ដូចជាបានជួយត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូបន្ថែមនៅក្នុងទីផ្សារកម្ពុជា។

វាគ្មិនទី២ គឺសាស្រ្តាចារ្យបណ្ឌិត Albert Tan ដែលជាប្រធានគណៈកម្មាធិការម៉ាកយីហោកំពូលអាស៊ីប៉ាស៊ីហ្វិក ឬ Asia Pacific TOP Excellence Brand Committee បានបំភ្លឺអ្នកចូលរួមទាំងអស់អំពីអនាគតដ៏ជោគជ័យរបស់ប្រទេសកម្ពុជាក្នុងមួយទសវត្សរ៍បន្ទាប់។ ទស្សនវិស័យប្រកបដោយគតិបណ្ឌិត និងការវិភាគរបស់សាស្រ្តាចារ្យទៅលើគន្លងកំណើនរបស់កម្ពុជាក្នុងរយៈពេលដប់ឆ្នាំខាងមុខ បានធ្វើឱ្យអ្នកចូលរួមទទួលបានការបំផុសគំនិតថ្មី និងសុទិដ្ឋិនិយមខ្ពស់អំពីលទ្ធភាព និងឱកាសដ៏ច្រើនដែលត្រូវចាប់យកនៅពេលខាងមុខ។

ជាចុងក្រោយ លោក Lawrence Kook អភិបាលគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញនូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តដែលជនបរទេសអាចចាប់យកឱកាសវិនិយោគនៅក្នុងតំបន់អាស៊ាន។ ដោយផ្តោតទៅលើទិដ្ឋភាពអភិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Lawrence Kook បានចែករំលែកគន្លឹះដ៏មានគុណតម្លៃនៃការចាប់ផ្ដើមវិនិយោគដែលមានលក្ខណៈងាយស្រួល ដែលអាចជួយជំរុញអ្នកចូលរួមក្នុងការទាញយកអត្ថប្រយោជន៍ពីសក្តានុពលដ៏ធំដែលមាននៅក្នុងទីផ្សារអាស៊ាន។

បន្ទាប់ពីការធ្វើបទបង្ហាញរួច ក្រុមការងារនៃក្រុមហ៊ុនមូលបត្រ ភីភី​ លីង បានជួយសម្របសម្រួលអ្នកចូលរួមជាតិ និងអន្តរជាតិ ដែលបានចាប់អារម្មណ៍ក្នុងការបើកគណនីជួញដូរ ទាំងគណនីជួញដូរភាគហ៊ុនក្នុងស្រុក និងគណនីជួញដូរឧបករណ៍និស្សន្ទ។ ការបើកគណនីជួញដូរយ៉ាងច្រើនក្នុងកម្មវិធីនេះ នឹងអាចក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញការផ្សព្វផ្សាយទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជាទៅក្រៅប្រទេស ហើយជាលទ្ធផល វានឹងជួយបង្កើនទំហំជួញដូរនៅក្នុងទីផ្សារវិនិយោគហិរញ្ញវត្ថុ ក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។​

ជារួម ព្រឹត្តិការណ៍នេះបានបម្រើជាវេទិកាដ៏សំខាន់មួយសម្រាប់ទំនាក់ទំនង ការផ្លាស់ប្តូរចំណេះដឹង ការជំរុញកិច្ចសហការរវាងវិនិយោគិនបរទេស និងការគាំទ្រដល់វិស័យមូលបត្រដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ខណៈប្រទេសកម្ពុជាកំពុងបន្តដំណើរឆ្ពោះទៅមុខក្នុងនាមជាគោលដៅវិនិយោគសំខាន់ក្នុងតំបន់ ក្រុមហ៊ុនមូលបត្រ ភីភី លីង និងដៃគូសហការរបស់ខ្លួននឹងបន្តប្ដេជ្ញាកៀរគរវិនិយោគិនបរទេស និងបង្កើតកម្មវិធីបែបនេះបន្ថែមទៀត ដើម្បីអនាគតនៃវិស័យមូលបត្ររបស់ព្រះរាជាណាចក្រកម្ពុជា។