កាលពីថ្ងៃទី០១ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំកម្មវិធីប្រកួតសរសេរអត្ថបទច្នៃប្រឌិតមួយសម្រាប់ និស្សិតសាកលវិទ្យាល័យទាំងអស់ ក្នុងគោលបំណងបង្កើតនូវវេទិកាមួយ ដែលអាចឱ្យពួកគេបញ្ចេញទេពកោសល្យក្នុងការសរសេរអត្ថបទ និងសមត្ថភាពក្នុងការត្រិះរិះពិចារណាក្នុងសំណេររបស់ខ្លួន។ គោលបំណងនេះ ក៏ស្របតាមបេសកកម្មរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាតាមរយៈការលើកកម្ពស់ការអប់រំ និងចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារផ្សេងៗ។
នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានទទួលស្វាគមន៍បេក្ខជនជាច្រើនរូប ដែលបានផ្ញើសំណេររបស់ពួកគាត់ដើម្បីចូលរួមប្រកួត។តាមរយៈស្នាដៃសំណេរដែលទទួលបាន យើងមើលឃើញថាបេក្ខជននីមួយៗពិតជាបានចូលរួមដោយក្តីរំភើបរីករាយ និងមានឆន្ទៈខ្ពស់ក្នុងការបង្ហាញពីជំនាញសរសេររបស់ពួកគាត់ ក៏ដូចជាក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផងដែរ។ ជាមួយគ្នានេះ បេក្ខជនទាំងអស់បានមានឱកាសបង្កើនស្នាដៃនៅក្រៅសាលាបន្ថែមជាមួយនឹងវេទិកាប្រកួតប្រជែងដោយសេរី យុត្តិធម៌ និងតម្លាភាព។
អត្ថបទនីមួយៗត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ ដោយចំណុចគោលសម្រាប់ការវិនិច្ឆ័យផ្តោតសំខាន់ទៅលើខ្លឹមសារ វេយ្យាករណ៍ ការប្រើប្រាស់ពាក្យពេចន៍ អក្ខរាវិរុទ្ធ និងភាពស៊ីចង្វាក់គ្នានៃអត្ថបទ ដើម្បីកំណត់អត្ថបទដែលល្អបំផុត។ បន្ទាប់ពីបានវាយតម្លៃរួច ក្រុមហ៊ុនបានរកឃើញជ័យលាភីទាំង ៥រូប ដែលមានឈ្មោះដូចជា៖ កញ្ញា តាំង គីមណៃ កញ្ញា សុផានី ច័ន្ទទតារា ព្រះតេជគុណ គិន ផល្លា លោក សួន សុខជា និងកញ្ញា ឡូ គឹមស៊ីវហ្គិច។ សូមអបអរសាទរដល់ពួកគាត់ទាំងអស់គ្នា!
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនរបស់យើងពិតជាមានកិតិ្ដយសដែលបានរៀបចំ និងផ្តល់ឱកាសដ៏អស្ចារ្យមួយនេះដល់និស្សិតសាកលវិទ្យាល័យ ដែលមានទេពកោសល្យទាំងអស់។ ការបង្កើតកម្មវិធីនេះ គឺជាមោទកភាពមួយរបស់យើង ពីព្រោះថាយើងផ្ដល់ជូននូវវេទិកាមួយសម្រាប់ពួកគាត់ ដើម្បីវាស់ស្ទង់សមត្ថភាពខ្លួនឯង ចាប់យកបទពិសោធន៍ថ្មីៗ ទទួលបានការទទួលស្គាល់ដើម្បីបង្កើនប្រវត្ដិស្នាដៃ និងទទួលបានឱកាសការងារជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុនរបស់យើង។ ម្យ៉ាងទៀត កម្មវិធីនេះក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន និងជាសកម្មភាពថ្មីមួយក្នុងយុទ្ធនាការផ្សព្វផ្សាយការអប់រំដែលក្រុមហ៊ុនបានអនុវត្ដកន្លងមក រួមមាន៖ ការផ្ដល់ឱកាសការងារហាត់ការ ទស្សនកិច្ចសិក្សា កម្មសិក្សា វេទិកានិស្សិត វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាទូទាំងប្រទេស។ នៅពេលអនាគត យើងនឹងបន្តប្តេជ្ញាក្នុងការបង្កើតសកម្មភាពបែបនេះឱ្យកាន់តែច្រើន ដើម្បីភាពល្អប្រសើរសម្រាប់យុវជនជំនាន់ក្រោយ និងសង្គមជាតិផងដែរ»។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់បេក្ខជនផ្សេងទៀតដែលមិនបានជ័យលាភី។ ថ្វីត្បិតតែការជ្រើសរើសមានចំនួន ៥រូប អត្ថបទនីមួយៗរបស់បេក្ខជន បានធ្វើឱ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគំនិតច្នៃប្រឌិត គុណភាពមាតិកា និងការប្រើប្រាស់ភាសា។ យើងជឿជាក់ថា បេក្ខជនទាំងអស់ សុទ្ធតែជាធនធានយ៉ាងល្អ ហើយនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិក៏ដូចជាធ្វើឱ្យពិភពលោកនេះកាន់តែល្អប្រសើរឡើង។