រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលហៅកាត់ថា CDX គឺជាក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនិយ័តករមូលបត្រកម្ពុជា។ CDX មានទស្សនវិស័យក្លាយជាប្រភពដ៏សំខាន់មួយក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជាពិសេសទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងប្តេជ្ញាចិត្តផ្ដល់ការសម្របសម្រួលដល់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ក៏ដូចជាវិនិយោគិន ក្នុងប្រតិបត្តិការបញ្ជាទិញលក់ និងការផាត់ទាត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ទន្ទឹមនឹងនេះ CDX មានបេសកកម្មនាំយកទីផ្សារហិរញ្ញវត្ថុក្នុងស្រុកឆ្ពោះទៅកាន់ទីផ្សារហិរញ្ញវត្ថុសាកលលោក និងទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ព្រមទាំងផ្ដល់នូវឱកាសការងារជាច្រើន ក្រុមហ៊ុន CDX មានមោទកភាពក្នុងការបង្កើត «កម្មវិធីប្រកួតសំណេរច្នៃប្រឌិតសម្រាប់និស្សិត» ដែលជាវេទិកាពិសេសមួយសម្រាប់និស្សិតនៃសាកលវិទ្យាល័យនានាក្នុងការបង្ហាញនូវទេពកោសល្យ សមត្ថភាពត្រិះរិះពិចារណា ការប្រើប្រាស់ភាសា និងជំនាញសរសេរដ៏ល្អរបស់ខ្លួន។ ស្របពេលជាមួយគ្នានេះ និស្សិតទាំងឡាយដែលចូលរួមប្រកួត និងផ្ញើសំណេររបស់ពួកគេមកក្រុមហ៊ុន CDX នឹងទទួលបាននូវបទពិសោធន៍ជាក់ស្ដែងពីការប្រកួត អាចដឹងពីសមត្ថភាពបច្ចុប្បន្នរបស់ខ្លួន អាចទទួលបាននូវប័ណ្ណសរសើរដែលពិតជាមានប្រយោជន៍ល្អសម្រាប់ប្រវត្តិរូបរបស់ពួកគេ និងជាពិសេស អាចទទួលបាននូវឱកាសការងារ និងអត្ថប្រយោជន៍ដ៏គួរឱ្យចាប់អារម្មណ៍។
កម្មវិធីប្រកួតសំណេរសម្រាប់និស្សិតមួយនេះ នឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ហើយស្វាគមន៍គ្រប់និស្សិតតាមបណ្តាសាកលវិទ្យាល័យទាំងអស់។ កម្មវិធីប្រកួតមួយនេះ អនុញ្ញាតឲ្យបេក្ខជនជ្រើសរើសប្រធានបទមួយក្នុងចំណោមប្រធានបទ ៣ សម្រាប់ការសរសេរក្នុងទម្រង់ជាអត្ថបទផ្សព្វផ្សាយ។ ប្រធានបទទាំង ៣ នោះ រួមមាន ៖ ទី ១. ការវិនិយោគល្អបំផុត ៥ ប្រភេទ សម្រាប់ឆ្នាំ ២០២១ ទី ២. សារៈសំខាន់នៃការអប់រំចំពោះគ្រប់ស្ថាប័នទាំងអស់ និងទី ៣. ហេតុអ្វីតម្រូវការលើខុនដូ នឹងកើនឡើងយ៉ាងខ្ពស់ក្នុងប៉ុន្មានឆ្នាំខាងមុខ? បេក្ខជននីមួយៗត្រូវសរសេរ បកប្រែ និងផ្ញើអត្ថបទជា ២ ភាសា ដែលអាចជាភាសាខ្មែរនិងអង់គ្លេស ឬ ភាសាខ្មែរនិងភាសាចិន ឬ ភាសាអង់គ្លេស និងភាសាចិន មកអុីម៉ែល ៖ info@cdx.com.kh ដោយអត្ថបទនីមួយៗត្រូវស្ថិតក្នងចន្លោះ ៣៥០ ទៅ ៥០០ ពាក្យ។ ការដាក់ពិន្ទុ នឹងផ្ដោតសំខាន់លើខ្លឹមសារនៃអត្ថបទ វេយ្យាករណ៍ ការប្រើប្រាស់ពាក្យពេចន៍ និងភាពស៊ីចង្វាក់គ្នានៃអត្ថបទពីដើមដល់ចប់។
ម្ចាស់ជ័យលាភី ៥ រូប នឹងត្រូវបានប្រកាសនៅលើទំព័រហេ្វសប៊ុកផ្លូវការរបស់ក្រុមហ៊ុន CDX ដែលមានឈ្មោះថា Cambodian Derivatives Exchange នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១។ ម្ចាស់ជ័យលាភីនីមួយៗ នឹងទទួលបាននូវប័ណ្ណសរសើរ និងឱកាសការងារក្នុងទម្រង់ជាការងារពេញម៉ោង ឬក្រៅម៉ោងអាស្រ័យលើកាលវិភាគរៀនរបស់ម្ចាស់ជ័យលាភី រួមទាំងប្រាក់កម្រៃយ៉ាងសមរម្យ។
ក្រុមហ៊ុន CDX មានក្ដីរីករាយ និងសូមលើកទឹកចិត្តដល់និស្សិតទាំងអស់ ដែលពូកែសរសេរ និងចង់បង្ហាញសមត្ថភាព ឲ្យចូលរួមប្រកួតក្នុងឱកាសដ៏ល្អនេះ ។ ក្រុមហ៊ុនយើងខ្ញុំសង្ឃឹមថា សារមួយនេះអាចទៅដល់និស្សិតនានា ហើយប្រិយមិត្តដែលបានអានសារនេះ ក៏អាចចែករំលែកដំណឹង និងណែនាំបងប្អូន កូនក្មួយ ឬមិត្តភក្តិរបស់លោកអ្នកឱ្យចូលរួមប្រកួតដើម្បីអត្ថប្រយោជន៍ផ្ទាល់របស់ពួកគេ ក៏ដូចជាលើកស្ទួយធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើង។
សម្រាប់ចម្ងល់ ឬព័ត៌មានបន្ថែម សូមទាក់ទងមកលេខ ៖ ០២៣ ២២ ៧៧៧៧ ឬតាមរយៈទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬតាមរយៈអុីម៉ែល ៖ info@cdx.com.kh៕ ដោយសហការ