ឥឡូវនេះ សមិទ្ធផលថ្មីមួយទៀតដែលប្រកបដោយគុណតម្លៃសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ត្រូវបាននាំមកជូនដោយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្តាលឈានមុខគេនៅកម្ពុជា ហើយការបើកសម្ពោធសមិទ្ធផលថ្មីនេះគឺជាព្រឹត្ដិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយក្នុងចំណោមព្រឹត្ដិការណ៍ជាច្រើនទៀតរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ ២០២១ នេះ។
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំបើកសម្ពោធបន្ទប់ផ្សាយផ្ទាល់របស់ខ្លួនជាផ្លូវការ ដើម្បីផ្ដល់នូវចំណេះដឹង ព័ត៌មានទីផ្សារ និងឱកាសវិនិយោគកាន់តែទូលំទូលាយ ក៏ដូចជាដើម្បីដាក់ដំណើរការវេទិកាដែលមានការអភិវឌ្ឍ និងការច្នៃប្រតិដ្ឋខ្ពស់ សម្រាប់ការផ្សព្វផ្សាយអំពីទីផ្សារឧបករណ៍និស្សន្ទប្រកបដោយភាពងាយស្រួល ប្រសិទ្ធភាព និងទំនុកចិត្ត។
កម្មវិធីនេះត្រូវបានផ្ដល់កិត្ដិយសចូលរួមពីនិយ័តករទីផ្សារ ដោយមានវត្ដមាន ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក និងសហការី។ ក្រៅពីនេះ នៅមានតំណាងដែលអញ្ជើញមកពីក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ដូចជា៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ក្រុមហ៊ុន ហ្គោលវែល ខាភីថល ក្រុមហ៊ុន Richwill Japan និងក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
លោក Lawrence Kook ដែលជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមក្នុងកម្មវិធីនេះ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ អ្នកតំណាងក្រុមហ៊ុនឈ្មួញជើងសា និងភ្ញៀវកិត្ដិយសទាំងអស់ ក៏ដូចជាដើម្បីបង្ហាញពីសុទិដ្ឋិនិយមថា បន្ទប់ផ្សាយផ្ទាល់ដែលទើបនឹងបើកដំណើរការថ្មីនេះ នឹងផ្តល់នូវគុណតម្លៃ និងទំនុកចិត្តកាន់តែខ្ពស់ សម្រាប់វិនិយោគិន និងសាធារណជនទាំងអស់។
បន្ទប់ផ្សាយផ្ទាល់របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ត្រូវបានអភិវឌ្ឍឡើងសម្រាប់ផ្សាយផ្ទាល់នូវព័ត៌មានទីផ្សារទាំងផ្នែកព័ត៌មាន និងផ្នែកបច្ចេកទេសឱ្យកាន់តែឆាប់រហ័ស និងទូលំទូលាយ។ ម្យ៉ាងទៀត វាក៏ជាវេទិកាមួយសម្រាប់ជួយសម្រួលដល់ការរៀបចំកម្មវិធីអប់រំនានាសម្រាប់ជាប្រយោជន៍ដល់សាធារណជន ដែលកម្មវិធីទាំងនោះរួមមាន៖ ការចែករំលែកចំណេះដឹងផ្នែកសេដ្ឋកិច្ច ចំណេះដឹងផ្នែកវិនិយោគ បទពិសោធន៍ជួញដូរ និងការត្រៀមខ្លួនសម្រាប់ឱកាសការងារជាដើម។ លើសពីនេះទៀត ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង អាចប្រើប្រាស់បន្ទប់ផ្សាយផ្ទាល់នេះ ក្នុងការរៀបចំកម្មវិធីនានា ដើម្បីផ្ដល់ការប្រឹក្សា និងវគ្គបណ្ដុះបណ្ដាលដល់អតិថិជនរបស់ពួកគាត់ ក៏ដូចជាសម្រាប់អ្នកចូលរួមទីផ្សារទាំងអស់ផងដែរ។
នៅក្នុងកម្មវិធី លោក Lawrence Kook បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ គឺជាការបោះជំហានដ៏សំខាន់មួយទៀតរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១៦ មក យើងបានរួមគ្នាអភិវឌ្ឍទីផ្សារបន្ដិចម្តងៗជាមួយនិយ័តកររបស់យើង។ ដូចឃ្លាមួយពោលថា «មហាកំពែងចិន (Great Wall) មិនមែនត្រូវបានសាងសង់រួចរាល់ក្នុងរយៈពេលមួយថ្ងៃនោះទេ។ ដូច្នេះ យើងជឿថា យើងមិនអាចសម្រេចគោលបំណងធំក្នុងពេលដ៏ខ្លី ឬដោយគ្មានសកម្មភាពបានឡើយ។ ផ្ទុយទៅវិញ បើយើងមានសកម្មភាព ទោះជាចាប់ផ្ដើមពីតូចៗទៅក្ដី យើងនឹងអាចសម្រេចបានក្តីសុបិនដ៏ធំរបស់យើងជាក់ជាមិនខាន។ នេះជាដំណើរ ដែលមានអត្ថន័យសម្រាប់យើង។ ជាក់ស្ដែង ដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយជាតំបន់វិនិយោគឧបករណ៍និស្សន្ទល្អបំផុតមួយនៅអាស៊ាន យើងត្រូវបន្ថែមរូបមន្ដ និងគ្រឿងផ្សំដែលមានជីវជាតិជាច្រើនទៀតទៅក្នុងទីផ្សារ តាមរយៈការចែករំលែកជំនាញ និងចំណេះដឹងរបស់យើង»។
លោកក៏បានបន្ថែមទៀតថា៖ «ការបើកសម្ពោធបន្ទប់ផ្សាយផ្ទាល់នេះ ក៏សម្រាប់បម្រើដល់ក្រុមហ៊ុនឈ្មួញជើងសារបស់យើង ក៏ដូចជាក្រុមហ៊ុនឈ្មួញជើងសា និងក្រុមហ៊ុនសមភាគីកណ្ដាលផ្សេងទៀតផងដែរ។ ដូច្នេះ យើងនឹងរង់ចាំទទួលស្វាគមន៍ និងអនុញ្ញាតឱ្យប្រើប្រាស់បន្ទប់ផ្សាយផ្ទាល់នេះ ប្រសិនបើពួកគាត់មានឆន្ទៈក្នុងការចូលរួមចែករំលែកចំណេះដឹងរបស់ពួកគាត់សម្រាប់វិនិយោគិន។ ជាជាងហៅបន្ទប់នេះថា ជាបន្ទប់ផ្សាយផ្ទាល់របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ខ្ញុំសូមឱ្យភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដាក់ឈ្មោះបន្ទប់មួយនេះថា បន្ទប់ផ្សព្វផ្សាយឧបករណ៍និស្សន្ទនៃកម្ពុជា ចាប់ពីពេលនេះតទៅ។ ក្នុងនាមជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ខ្ញុំសន្យាថា ខ្ញុំនឹងប្រើប្រាស់បន្ទប់នេះឱ្យបានញឹកញាប់ ក្នុងការចែករំលែកចំណេះដឹងផ្នែកវិនិយោគ និងទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទនៅទូទាំងពិភពលោក»។
ឯកឧត្ដម ស៊ូ សុជាតិ បានចូលរួមសាទរដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ចំពោះសមិទ្ធផលមួយនេះ និងបានលើកសរសើរក្រុមហ៊ុនក្នុងការចូលរួមចំណែកឥតឈប់ឈរ ដើម្បីភាពរីកចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។
ឯកឧត្ដម ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមជាមួយ ឯកឧត្តម ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងកម្មវិធីបើកសម្ពោធដំណើរការជាផ្លូវការនៃបន្ទប់ផ្សាយផ្ទាល់របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ ជាមួយនឹងការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ទំហំជួញដូរឧបករណ៍និស្សន្ទសរុបនៅកម្ពុជា បានបន្តកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០១៦ មក។ ហើយទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ១៩ ជាសកលក្ដី ទំហំជួញដូរឧបករណ៍និស្សន្ទក្នុងឆ្នាំ ២០២១ នេះ នៅតែទទួលបានទិន្នន័យខ្ពស់ ខណៈពេលដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ទទួលបានចំណែកទីផ្សាររហូតដល់ ៨៧%»។
ឯកឧត្ដមក៏បានផ្ដល់អនុសាសន៍ទៀតថា៖ «ដើម្បីបន្តការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងផ្លែផ្កា ក្រុមហ៊ុនឧបករណ៍និស្សន្ទទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈខ្ពស់បំផុត ក្នុងការផ្តល់ជូនការប្រឹក្សាយោបល់ និងការបណ្តុះបណ្តាលគ្រប់គ្រាន់ដល់អតិថិជន ស្របតាមក្រមសីលធម៌ ទំនួលខុសត្រូវ និងបទប្បញ្ញត្តិ។ ព្រឹត្ដិការណ៍នៃការបើកសម្ពោធក្នុងថ្ងៃនេះ គឺជាគំរូដ៏ល្អមួយ ដែលឆ្លុះបញ្ចាំងពីការចូលរួមចំណែករបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្នុងការអភិវឌ្ឍទីផ្សារទាំងក្នុងតំបន់ និងទៅកាន់ពិភពលោក»។
កម្មវិធីទាំងមូលបានបញ្ចប់ទៅយ៉ាងរលូន និងគួរជាទីមោទក ហើយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ន.ម.ក ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ភ្ញៀវកិត្ដិយស និងបុគ្គលពាក់ព័ន្ធទាំងអស់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតបាននូវពេលវេលាដ៏ពិសេស និងមិនអាចបំភ្លេចបាននេះ។ បន្ទាប់ពីបានបើកសម្ពោធបន្ទប់ផ្សាយផ្ទាល់នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នៅតែបន្ដប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងនាំមកនូវសមិទ្ធផលនៃបច្ចេកវិទ្យាច្នៃប្រតិដ្ឋថ្មីៗលំដាប់ពិភពលោក ដើម្បីពន្លឿនកំណើនការអភិវឌ្ឍ និងបង្កើនអត្ថប្រយោជន៍សម្រាប់ទាំងអស់គ្នា។