រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង មានមោទកភាពក្នុងការរៀបចំកម្មវិធីប្រកួតសរសេរអត្ថបទច្នៃប្រឌិតដែលបានបញ្ចប់ដោយភាពជោគជ័យ ស្របតាមគោលជំហររបស់ក្រុមហ៊ុនក្នុងការប្ដេជ្ញាចិត្ដចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាតាមរយៈការលើកកម្ពស់ស្មារតី និងបទពិសោធន៍ជាក់ស្តែងដល់យុវជនជំនាន់ក្រោយ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារបន្ថែម។
បន្ទាប់ពីការប្រកាសម្ចាស់ជ័យលាភី ៥ នាក់រួចមក នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បានរៀបចំកម្មវិធីអបអរសាទរការប្រកួតសរសេរអត្ថបទច្នៃប្រឌិតនេះជាផ្លូវការជាមួយបេក្ខជនឆ្នើមចំនួន ២៥ នាក់ ដែលបានប្រព្រឹត្ដទៅតាមប្រព័ន្ធអនឡាញ និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនបង្ហាញនូវការកោតសរសើរដ៏ស្មោះចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់។
ក្រៅពីបេក្ខជនឆ្នើមទាំង ២៥ នាក់ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក Lawrence Kook ដែលជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ដើម្បីបង្ហាញការអបអរសាទរយ៉ាងជ្រាលជ្រៅដោយផ្ទាល់ដល់បេក្ខជន និងតំណាងឱ្យក្រុមហ៊ុនទាំងមូលក្នុងការជំរុញឱ្យមានវប្បធម៌នៃការចែករំលែក និងការចូលរួមចំណែកកសាងសង្គមឱ្យកាន់តែល្អប្រសើរឡើង។
កម្មវិធីប្រកួតសរសេរអត្ថបទច្នៃប្រឌិតរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ដែលបានដំណើរការចាប់ពីថ្ងៃទី ០១ ដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ មានគោលបំណងបង្កើតនូវវេទិកាមួយសម្រាប់និស្សិតសាកលវិទ្យាល័យទាំងអស់ ដើម្បីឱ្យពួកគាត់អាចបញ្ចេញទេពកោសល្យក្នុងការសរសេរអត្ថបទ និងសមត្ថភាពក្នុងការត្រិះរិះពិចារណាក្នុងសំណេររបស់ខ្លួន ព្រមទាំងចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងផ្ដល់នូវឱកាសការងារផ្សេងៗសម្រាប់និស្សិត។
លោក Lawrence Kook បានមានប្រសាសន៍ថា ៖ «ក្រុមហ៊ុនរបស់យើងពិតជាមានកិតិ្ដយស ដែលបានរៀបចំ និងផ្តល់ឱកាសមួយនេះដល់និស្សិតសាកលវិទ្យាល័យ ដែលមានទេពកោសល្យទាំងអស់។ ការបង្កើតកម្មវិធីនេះ គឺជាមោទកភាពមួយរបស់យើង ពីព្រោះយើងបានផ្ដល់នូវវេទិកាមួយសម្រាប់ពួកគាត់ក្នុងការវាស់ស្ទង់សមត្ថភាពខ្លួនឯង ចាប់យកបទពិសោធន៍ថ្មីៗ ទទួលបានការទទួលស្គាល់ដើម្បីបង្កើនប្រវត្ដិស្នាដៃ និងអាចទទួលបាននូវឱកាសការងារជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុនរបស់យើង។ យើងពិតជាមានសេចក្ដីសោមនស្ស ដែលបានឃើញធនធានមនុស្សនៅកម្ពុជាមានការអភិវឌ្ឍកាន់តែល្អប្រសើរ។ លើសពីនេះទៅទៀត យើងក៏បានក្លាយជាកាតាលីករ ឬកម្លាំងជំរុញយ៉ាងសំខាន់ តាមរយៈការបង្កើតកម្មវិធីនេះឡើងក្នុងអំឡុងពេលដែលប្រទេសកំពុងជួបនឹងវិបត្ដិនៃជំងឺកូវីដ–១៩»។
នៅក្នុងកម្មវិធី ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បានប្រគល់ជូននូវប័ណ្ណសរសើរដល់បេក្ខជនជ័យលាភីចំនួន ៥ នាក់ និងវិញ្ញាបនបត្របញ្ជាក់ការចូលរួមដល់បេក្ខជនឆ្នើមចំនួន ២០ នាក់ ផ្សេងទៀត ដែលនឹងជួយបង្កើនប្រវត្តិស្នាដៃ និងផលបត្រផ្ទាល់ខ្លួនរបស់ពួកគាត់បន្ថែមទៀតចាប់ពីពេលនេះតទៅ។
នៅក្នុងកម្មវិធី កញ្ញា តាំង គឹមនី កញ្ញា ចាន់ដារ៉ា សុផានី និងលោក សួន សុខជា បានតំណាងឱ្យបេក្ខជនទាំងអស់ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ដែលបានបង្កើតកម្មវិធីប្រកួតប្រជែងនេះឡើង ដើម្បីឱ្យពួកគាត់អាចប្រមូលបទពិសោធន៍ជាក់ស្ដែងនៅក្នុងបរិបទខាងក្រៅសាលា និងអាចវាស់ស្ទង់សមត្ថភាពរបស់ពួកគាត់ជាមួយបេក្ខជនផ្សេងទៀតបាន។ ពួកគាត់ក៏មានសេចក្តីរំភើបផងដែរ ដែលបានស្វែងយល់បន្ថែមអំពីឱកាសការងារ និងទស្សនវិស័យរបស់ក្រុមហ៊ុន ហើយសង្ឃឹមថាក្រុមហ៊ុននឹងបន្តអនុវត្តសកម្មភាពបែបនេះទៀតសម្រាប់ការអភិវឌ្ឍរបស់និស្សិតនៅកម្ពុជា។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅម្ដងទៀត ចំពោះការខិតខំប្រឹងប្រែងរបស់បេក្ខជន ភ្ញៀវកិត្ដិយស និងបុគ្គលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកធ្វើឱ្យកម្មវិធីមួយនេះបញ្ចប់ទៅដោយជោគជ័យ និងរីករាយបំផុត។ គំនិតច្នៃប្រឌិត គុណភាពមាតិកា ការប្រើប្រាស់ភាសានៅក្នុងអត្ថបទនីមួយៗ និងមតិយោបល់ផ្ទាល់របស់បេក្ខជន បានធ្វើឱ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង និងជឿជាក់ថា បេក្ខជនទាំងអស់សុទ្ធតែជាធនធានយ៉ាងល្អ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាធ្វើឱ្យពិភពលោកនេះកាន់តែល្អប្រសើរឡើង។
សូមតាមដានទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (Cambodian Derivatives Exchange) ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងកម្មវិធីបន្ដបន្ទាប់ទៀត ក៏ដូចជាព័ត៌មានអំពីការវិនិយោគ និងទីផ្សារហិរញ្ញវត្ថុផងដែរ៕ ដោយសហការ។