នាថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2018 ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តចំនួន 5 ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដែលខេត្តនេះ គឺជាគោលដៅទីមួយក្នុងចំណោមខេត្តទាំងប្រាំ ដោយខេត្តបួនផ្សេងទៀត រួមមានខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ភ្ជាប់ជាមួយនឹងប្រធានបទ “អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា” សិក្ខាសាលាតាមបណ្ដាខេត្តនេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយនិងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា ការកសាងទំនុកចិត្តរបស់វិនិយោគិន និងការរៀបចំឱ្យវិនិយោគិនមានភាពរួចរាល់សម្រាប់ការវិនិយោគនេះ។
មុនពេលចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំសិក្ខាសាលាសម្រាប់ក្រុមសិក្ខាកាមផ្សេងៗគ្នា និងបានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជាក្នុងការរៀបចំវេទិកា ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗនៅទីក្រុងភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា។
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្តជាផ្លូវការតាមរយៈសុន្ទរកថារបស់ឯកឧត្តម។ បន្ទាប់មក ឯកឧត្តម ក៏បានលើកឡើងពីបេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទ និងលើកទឹកចិត្តដល់សិក្ខាកាមឱ្យស្វែងរកចំណេះដឹងអំពីទីផ្សារឧបករណ៍និស្សន្ទ ក៏ដូចជាពិចារណាធ្វើការជួញដូរលើឧបករណ៍និស្សន្ទនេះ។ ក្រោយពីសុន្ទរកថារបស់ឯកឧត្តម សៀង ធីរិទ្ធត្រូវបានបញ្ចប់ លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ បានបង្ហាញពីទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ ការរីកចម្រើននៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា និងក្របខ័ណ្ឌបទប្បញ្ញាតិ ដែលត្រូវបានប្រើប្រាស់ ដើម្បីធានាយន្តការនៃការជួញដូរ និងការការពារវិនិយោគិនតម្លាភាពឱ្យប្រកបដោយតម្លាភាព។
ក្នុងនាមជាវាគ្មិនកិត្តិយស លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសម្តែងភាពសប្បាយរីករាយក្នុងការចូលរួមក្នុងសិក្ខាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 ជាមួយគណៈកម្មការមូលបត្រកម្ពុជា ហើយបានលើកឡើងថា ការលើកកម្ពស់ការយល់ដឹង និងការចែករំលែកចំណេះដឹងនៃការជួញដូរឧបករណ៍ហិរញ្ញវត្ថុឱ្យទូលំទូលាយ គឺជាកាតព្វកិច្ចមួយរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ លោក Lawrence បានបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការវាយតម្លៃខ្លួនឯង និងការអនុវត្តយុទ្ធសាស្រ្តសមស្របសម្រាប់វិនិយោគិននីមួយៗ ក៏ដូចជារបៀបទាញយកផលវិជ្ជមានពីការវិនិយោគ។ ក្រៅពីការចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តបួនផ្សេងទៀតនាដើមខែធ្នូខាងមុខនេះ លោក Lawrenceក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍នានារបស់គណៈកម្មការមូលបត្រកម្ពុជានៅឆ្នាំខាងមុខៗទៀត។
សិក្ខាសាលានៅខេត្តព្រះសីហនុនេះ បានបញ្ចប់ទៅដោយលទ្ធផលជោគជ័យ មិនត្រឹមដោយសារតែវត្តមានរបស់សិក្ខាកាមជាច្រើនរូបប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារគុណភាពនៃការយល់ដឹងរបស់ពួកគេទៅលើខ្លឹមសារផងដែរ។ ស្របជាមួយគ្នានេះ មានសិក្ខាកាមមួយភាគធំ បានស្នើសុំឱ្យមានកិច្ចប្រជុំឯកជន និងជាក្រុមតូចៗ ដែលការណ៌នេះ បានបង្ហាញពីការកើនឡើងនៃការយល់ដឹង ក៏ដូចជាការចាប់អារម្មណ៍លើការវិនិយោគលើឧបករណ៍និស្សន្ទ។