ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ( CDX ) បានឧបត្ថម្ភ និងគាំទ្រពិធីសម្ពោធឱ្យប្រើប្រាស់ “សទ្ទានុក្រមសន្តានពាក្យក្នុងភាសាខ្មែរទំនើប” ដែលត្រូវបានចាត់ទុកជាសារៈប្រយោជន៍សម្រាប់ភាសាខ្មែរបច្ចុប្បន្ន ក៏ដូចជាវិស័យពាក់ព័ន្ធជាច្រើន ដូចជាសេដ្ឋកិច្ច សាសនា វប្បធម៌ និងជាពិសេស វិស័យអប់រំ។ ពិធីសម្ពោធនេះ បានប្រព្រឹត្តិទៅដោយជោគជ័យនាថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2018 នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដោយមានការចូលរួមពីសិស្សនិស្សិត សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។
ការគាំទ្រ និងការឧបត្ថម្ភដល់ពិធីនេះ បានកើតមានឡើង ស្របពេលដែលក្រុមហ៊ុន CDX បន្តបេសកកម្មរបស់ខ្លួនក្នុងការជម្រុញវិស័យអប់រំ ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងការផ្តល់នូវធនធានសម្រាប់ការអប់រំនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការជំរុញការអប់រំជាសាធារណៈរបស់ក្រុមហ៊ុន CDX គឺមានវិសាលភាពធំធេង ហើយក្រុមហ៊ុនបានរៀបចំវេទិកា សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដោយផ្តោតជាពិសេសលើវិស័យឧបករណ៍និស្សន្ទ ។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់លោកបណ្ឌិត កុល ផេង បិតាស្ថាបនិក និងសកលវិទ្យាធិការនៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ព្រះតេជគុណង៉ែតសុភាព ប្រធានបណ្ឌិត្យសភាស្រាវជ្រាវនៃនិស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា លោកឈិន សីហា អ្នកនិពន្ធសទ្ទានុក្រម បានសម្តែងទឹកចិត្តសោមន្សរីករាយចំពោះសមិទ្ធផលមួយនេះ ហើយជឿជាក់ថា សទ្ទានុក្រមនេះនឹងបម្រើផលប្រយោជន៍ដល់ប្រជាជាតិទាំងមូល។ បន្ទាប់មក លោក សីហា បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ជាពិសេស ក្រុមហ៊ុន CDX និងសមាជិកនៃបណ្ឌិត្យសភាស្រាវជ្រាវនៃនិស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាចំពោះការគាំទ្រយ៉ាងពេញទំហឹង ដែលជម្រុញអោយមានវត្តមាននៃសទ្ទានុក្រម ក៏ដូចជាព្រឹត្តិការណ៍នេះផងដែរ។ លោកបានសន្យាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពាំនាំមកនូវស្នាដៃអប់រំផ្សេងៗទៀតនាពេលអនាគត។
ក្នុងពិធីសម្ពោធនេះដែរ ក្រុមហ៊ុនCDX បានកោតសរសើរនូវការលេចរូបរាងឡើងនៃសទ្ទានុក្រមនេះ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំក្នុងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ រួមទាំងកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ពីព្រោះការអប់រំ ផ្ដល់អោយមនុស្សនូវចំណេះដឹង ជំនាញ និង បច្ចេកទេស ក៏ដូចជាការវិវឌ្ឍនៃភាពច្នៃប្រឌិត និងចក្ខុវិស័យ និងការយល់ដឹងពីរឿងរ៉ាវក្នុងជីវិត។ ការអប់រំ អាចបង្កើនសមត្ថភាពមនុស្សសម្រាប់ទប់ទល់នឹងភាពក្រីក្រ ភាពអយុត្តិធម៌ និងអំពើហឹង្សា ហើយផ្តល់នូវឱកាស ភាពយុត្តិធម៌ និង តម្លាភាពដល់សង្គម។ ឆ្លើយតបនឹងកត្តាទាំងនេះហើយទើបក្រុមហ៊ុន CDX បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការលើកកម្ពស់វិស័យអប់រំ រួមទាំងធនធានមនុស្ស និងសម្ភារៈសិក្សា ដើម្បីកសាងសង្គមមួយដែលប្រកបដោយចំណេះដឹង។
ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមពិធីសម្ពោធនេះ បានវាយតម្លៃខ្ពស់លើ “សទ្ទានុក្រមសន្តានពាក្យក្នុងភាសាខ្មែរទំនើប” ហើយជឿជាក់ថា វានឹងក្លាយជាកត្តាជំរុញដ៏ខ្លាំងក្លាមួយក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។