នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានស្វាគមន៍ដំណើរទស្សនកិច្ចដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ នៃក្រុមនិស្សិតពីវិទ្យាស្ថាន ខេមអេដ ដើម្បីចែករំលែកចំណេះដឹងយ៉ាងស៊ីជម្រៅអំពីគំនិតអាជីវកម្ម ការវិនិយោគ ការអប់រំផ្នែកហិរញ្ញវត្ថុ ព្រមទាំងឱកាសការងារផងដែរ។
វិទ្យាស្ថាន ខេមអេដ ដែលត្រូវបានគេស្គាល់ជាទូទៅថា CamEd Business School គឺជាវិទ្យាស្ថានដែលមានឯកទេសខ្ពស់ក្នុងការបង្រៀនជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ជាពិសេស ACCA (Association of Chartered Certified Accountants) ដោយមានការទទួលស្គាល់គុណភាព និងស្ដង់ដារជាលក្ខណៈអន្តរជាតិ។
ចំពោះដំណើរទស្សនកិច្ចនេះ លោក Lawrence Kook អភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានសោមនស្សរីករាយ ដែលបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញ ដើម្បីបំភ្លឺដល់ក្រុមនិស្សិតនូវចំណុចសំខាន់ៗ រួមបញ្ចូលទាំងមូលដ្ឋានគ្រឹះនៃការជួញដូរឧបករណ៍និស្សន្ទ បច្ចុប្បន្នភាពនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា សារៈសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងវិធីសាស្រ្តនៃការវិនិយោគលើឧបករណ៍និស្សន្ទ។ លើសពីនេះទៀត ក្រុមនិស្សិតក៏បានយល់ដឹងអំពីទំនាក់ទំនងរវាងវិស័យឧបករណ៍និស្សន្ទនិងការអប់រំផ្នែកហិរញ្ញវត្ថុ ក៏ដូចជាឱកាសវិនិយោគ និងការបង្កើតឱកាសការងារជាដើម ដែលកត្តាទាំងអស់នេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងអាចជួយត្រួសត្រាយអាជីពការងាររបស់ពួកគាត់នៅពេលអនាគត។
លោក Lawrence Kook បានមានប្រសាសន៍ថា៖ «ការជួបជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាក្មេងម្តងទៀត។ ជាមួយគ្នានេះដែរ ខ្ញុំក៏មានថាមពល អំណរគុណ និងក្តីសង្ឃឹមខ្ពស់ សម្រាប់អនាគតដ៏ប្រសើរនៃវឌ្ឍនភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ដែលនឹងត្រូវបានមើលថែដោយបញ្ញវន្ដវ័យក្មេង និងពោរពេញដោយសក្តានុពលដូចអ្នកទាំងអស់គ្នា។ ក្នុងនាមជាកម្លាំងចលករមួយសម្រាប់ការអភិវឌ្ឍនេះ ក្រុមហ៊ុនយើងតែងតែចូលរួមយ៉ាងសកម្ម និងគាំទ្រគ្រប់ភាគីពាក់ព័ន្ធនៅគ្រប់ទិដ្ឋភាពទាំងអស់ តាមរយៈការផ្តល់នូវមធ្យោបាយវិនិយោគប្រកបដោយភាពច្នៃប្រឌិត ការអប់រំ និងមុខតំណែងការងារដែលមានឱកាសអភិវឌ្ឍខ្ពស់»។
លោក Lawrence Kook បានបន្ថែមថា៖ «វត្តមាននៃការវិនិយោគហិរញ្ញវត្ថុបែបឌីជីថល រួមបញ្ចូលទាំងការជួញដូរឧបករណ៍និស្សន្ទ ស្របទៅតាមទំនើបកម្ម និងឌីជីថលនីយកម្មនៃប្រទេសកម្ពុជា គឺជាការលើកទឹកចិត្ត និងជាជំនួយដល់និរន្តរភាពនៃការវិនិយោគរបស់វិនិយោគិន និងអ្នកជួញដូរសក្តានុពល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺកូវីដ-១៩ បានបន្ថយល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប៉ុន្ដែការវិនិយោគដែលផ្អែកលើបច្ចេកវិទ្យា បានក្លាយជាចំណែកលើកស្ទួយស្ថានភាពសេដ្ឋកិច្ចជាតិដ៏សំខាន់។ តួយ៉ាង ថ្ងៃនេះក៏ជាថ្ងៃដែលយើងធ្វើសកម្មភាពដូចថ្ងៃផ្សេងៗទៀតពីមុនដែរ ដើម្បីពង្រីកវិសាលភាពនៃអត្ថប្រយោជន៍ និងការជឿទុកចិត្តជាសាធារណៈ»។
សម្រាប់សមិទ្ធផលរួម ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នឹងសហការជាមួយ វិទ្យាស្ថាន ខេមអេដ ជាបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍សម្រាប់និស្សិត ក៏ដូចជាទីផ្សារហិរញ្ញវត្ថុទាំងមូល។ យើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតនៅក្រុមហ៊ុនយើងលើកនេះ នឹងពង្រឹងសមត្ថភាពរបស់ពួកគាត់ ក៏ដូចជាបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ គំនិតវិនិយោគ និងទំនាក់ទំនងសង្គម ដើម្បីឱ្យពួកគាត់អាចក្លាយជាពលរដ្ឋ វិនិយោគិន ឬ អ្នកដឹកនាំ ដ៏ជោគជ័យម្នាក់។